(តេហេរ៉ង់)៖ អាជ្ញាធរអ៊ីរ៉ង់បានកំណត់ ទីតាំងបំណែកយន្ដហោះដឹកអ្នកដំណើរមួយគ្រឿង ដែលបានធ្លាក់នៅឯតំបន់ភ្នំ ភាគខាងលិចនៃប្រទេស កាលពីថ្ងៃអាទិត្យរួចរាល់ហើយ។ នេះបើតាមក្រុមអ្នកជួយសង្រ្គោះ ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមប្រធានក្រុមអ្នកជួយសង្រ្គោះ លោក ម៉ូតេហ្សា សាលីមី (Morteza Salimi) បំណែកយន្ដហោះ ត្រូវបានគេប្រទះឃើញនៅក្បែរភូមិ ណូហ្គោល (Nogol នៃតំបន់ភ្នំ ដេណា (Dena)។ បន្ថែមពីលើនេះ អ្នកនាំពាក្យកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ក៏បានបញ្ជាក់ដែរថា ឧទ្ធម្ភាគចក្ររបស់ខ្លួនបានរកឃើញបំណែកយន្ដហោះ នៅព្រឹកថ្ងៃអង្គារនេះ ហើយម្យ៉ាងវិញទៀត បើសិនជាអាកាធាតុអំណោយផលនោះ ឧទ្ធម្ភាគចក្រក្រុមអ្នកជួយសង្រ្គោះអាចនឹងចូលតំបន់នោះ។
គួររំលឹកថា យន្តហោះប្រភេទ ATR-72 មានជើងហោះហើរលេខ EP3704 ផលិតនៅឆ្នាំ១៩៩៣ ដែលត្រូវបានចាត់ទុកជាយន្តហោះវ័យចំណាស់មួយ ទុកសម្រាប់ធ្វើដំណើរតែក្នុងស្រុក ដែលមានរយៈចម្ងាយខ្លីប៉ុណ្ណោះ ហើយវាបានធ្លាក់នៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងតេហេរ៉ង់) ដោយបានសម្លាប់មនុស្សទាំងអស់ ៦៥នាក់ (អ្នកដំណើរ ៥៩នាក់ និងសហសេវិក ០៦នាក់) ដែលពីដំបូងឡើយមានសេចក្តីរាយការណ៍ថា មនុស្សជិះនៅលើនោះទាំងអស់មានរហូតដល់ ៦៦នាក់។
ចំណែកឯ កត្តាចម្បងដែលបាននាំឲ្យយន្តហោះធុនមធ្យមរបស់អ៊ីរ៉ង់ ធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេសនេះ អាចបណ្តាលមកពីកត្តាអាកាសធាតុអាក្រក់ជាចម្បង ដែលមានដូចជា អ័ព្ទចុះខ្លាំង ព្រិលធ្លាក់ និងខ្យល់បក់បោកខ្លាំងជាដើម។
យន្តហោះ ATR-72 មានគោលដៅពីទីក្រុងតេហេរ៉ង់ ឆ្ពោះទៅកាន់ទីក្រុង Yasuj ភាគខាងត្បូងប្រទេសដែលមានចម្ងាយ ហោះហើរ ៧៨០គីឡូម៉ែត្រ ប៉ុន្តែវាបានធ្លាក់នៅតំបន់ភ្នំ Zagros ដែលមានអាកាសធាតុអាក្រក់ខ្លាំង៕