(ញូដេលី)៖ ឥណ្ឌានៅថ្ងៃអង្គារនេះ បានធ្វើតេស្ដបាញ់សាកល្បង មីស៊ីលរយៈចំងាយមធ្យមរបស់ខ្លួន អាកនី (Agni-II) ដែលមានសមត្ថភាពបំពាក់អាវុធនុយក្លេអ៊ែរ ចេញពីកន្លែងធ្វើតេស្ដមួយស្ថិតនៅឆ្នេរសមុទ្រនៃរដ្ឋ អូឌីហ្សា (Odisha) ភាគខាងកើតប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាមួយគ្នានោះដែរ បើតាមប្រភពពីយោធាឥណ្ឌា ការបាញ់សាកល្បងមីស៊ីលផលិតនៅក្នុងស្រុកខាងលើ ត្រូវបានធ្វើឡើង នៅព្រឹកថ្ងៃអង្គារនេះ នៅឯកន្លែងធ្វើតេស្ដ Integrated Test Range ស្ថិតនៅក្នុងស្រុក បាឡាស័រ (Balasore) នៃរដ្ឋ Odisha ក្រោមក្របខណ្ឌ នៃការធ្វើសមយុទ្ធយោធារបស់កងទ័ពឥណ្ឌា។
គួរបញ្ជាក់ថា មីស៊ីល Agni II ដែលមានសមត្ថភាពបាញ់ដល់ចំងាយ ២,០០០គីឡូម៉ែត្រ និងអាចដឹកក្បាលគ្រាប់មានទម្ងន់ ១,០០០គីឡូក្រាម។ មីស៊ីលនេះគឺជាប្រភេទមីស៊ីលឆ្លងទ្វីប រយៈចំងាយមធ្យម ហើយត្រូវបានអភិវឌ្ឍឡើងដោយយោធាឥណ្ឌា រីឯមីស៊ីលស៊េរីដូចគ្នានេះ Agni I ក៏ធ្លាប់ត្រូវបានធ្វើតេស្ដដោយជោគជ័យផងដែរ កាលពីឆ្នាំ១៩៨៩៕