(អង់ការ៉ា)៖ ប្រទេសតួកគី បានឈានដល់ចំណុចកំពូលថ្មីមួយនៃរបបអ៊ីស្លាមនិយម ក្រោមការគ្រប់គ្រងរបស់ប្រធានាធិបតីលោក Recep Tayyip Erdogan។ លោក Erdogan កំពុងគ្រោងបង្កើតកងទ័ពឯករាជ្យមួយដើម្បីទប់ទល់ ក៏ដូចជាប្រឆាំងនឹងអ្វីដែលខ្លួនចាត់ទុកថា ជាការធ្វើអន្តរាគមន៍របស់លោកខាងលិច និងសម្ព័ន្ធមិត្តអង្គការណាតូជាពិសេស។ នេះបើតាមប្រភពពីសារព័ត៌មាន Turksih Minute នារសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
នោះហើយជាអ្វីដែល លោក Yigit Bulut ដែលជាប្រធានទីប្រឹក្សាជាន់ខ្ពស់របស់លោក Erdogan បានថ្លែងប្រាប់ទស្សនិកជននៅបទអត្ថាធិប្បាយមួយ ដែលចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិតួកគី TRT កាលពីមួយសប្តាហ៍មុន ដោយលោក Bulut បាននិយាយដូច្នេះថា «តាមយោបល់របស់ខ្ញុំ កងទ័ព Aegean ត្រូវតែពង្រឹងសមត្ថភាពបន្ថែមតាមការបំពាក់យន្ដហោះចម្បាំងរបស់រុស្ស៊ី និងរបស់ចិន ពីព្រោះថាថ្ងៃណាមួយបណ្តាប្រទេសមួយចំនួន ដែលជាសមាជិករបស់អង្គការណាតូ តួយ៉ាងសហរដ្ឋអាមេរិក ដែលបានផ្តល់សព្វាវុធគិតជាតម្លៃខ្ទង់ ០៣ពាន់លានដុល្លារ ទៅកាន់ក្រុមអ្នកប្រយុទ្ធឃើដ PKK ប្រហែលជាអាច បកមកធ្វើការវាយប្រហារលើប្រទេសតួកគី។
គួរជម្រាបថា បើតាមមន្រ្តីជាន់ខ្ពស់រូបនេះ មូលហេតុមួយក្នុងចំណោមហេតុផលដទៃៗទៀត ដែលតួកគីបានសម្រេចទិញប្រព័ន្ធការពារមីស៊ីលរយៈចម្ងាយវែង S-400 ពីប្រទេសរុស្ស៊ីគឺ សម្រាប់ការប្រុងប្រៀងការពារទុកជាមុនបែបនេះឯង៕