ក្រោយរងទណ្ឌកម្មធ្ងន់ៗ «ប្រធានាធិបតីវេណេស៊ុយអេឡា ងាកមកសុំលោក ដូណាល់ ត្រាំ ចរចាគ្នា...»
20-02-2018 14:33
(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបបួលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដំណើរការកិច្ចសន្ទនារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងការ៉ាកាស់ ដោយកំណត់កាលបរិច្ឆេទ និងពេលវេលាសម្រាប់ជំនួបនេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ការលើកឡើងរបស់ លោក ម៉ាឌូរ៉ូ កើតមានឡើងចំពេលវេណេស៊ុយអេឡា កំពុងហែលឆ្លងវិបត្តិនយោបាយ និងសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ ស្របពេលកំពុងជាប់ទណ្ឌកម្មសេដ្ឋកិច្ច របស់សហរដ្ឋអាមេរិក។ យ៉ាងណាក៏ដោយ ថ្លែងនៅលើ Twitter ប្រធានាធិបតីរូបនេះហាក់ដូចជាបន្ទន់ឥរិយាបថ ក្រោយត្រូវទីក្រុងវ៉ាស៊ីនតោន ព្រមានដាក់ទណ្ឌកម្មលើវិស័យប្រេង។
លោក ម៉ាឌូរ៉ូ បានសរសេរនៅលើ Twitter យ៉ាងដូច្នេះថា «លោក ដូណាល់ ត្រាំ បានជំរុញឱ្យមានការប្រឆាំងនឹងការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង នៃបណ្ដាប្រទេសដទៃ... ដូច្នេះវាដល់ពេលវេលាអនុវត្តន៍ការអំពានាវនេះ ហើយចូលរួមក្នុងកិច្ចសន្ទនា ជាជាងការឈ្លានពាន។ កិច្ចសន្ទនានៅទីក្រុងក៉ារ៉ាកាស់ ឬនៅវ៉ាស៊ីនតោន? កំណត់តែពេលវេលា និងកាលបរិច្ឆេទទៅ ខ្ញុំនឹងនៅទីនោះ»។
គួររំលឹកថា រយៈពេលជិតមួយឆ្នាំមកនេះ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្ម លើមន្ត្រីរដ្ឋាភិបាលទីក្រុងការ៉ាកាស់ ៥០នាក់ ដោយចោទប្រកាន់ថា អ្នកទាំងនេះបានបំផ្លាញលិទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែទន្ទឹមគ្នា លោក ម៉ាឌូរ៉ូ បានហៅការដាក់ទណ្ឌ កម្មនេះគឺជាសកម្មភាពរបស់ពួកចក្រពត្តិនិយមក្នុងចេតនាបំផ្លាញ និងបំបែកបំបាក់ប្រជាជាតិវេណេស៊ុយអេឡា៕