(អាមេរិក)៖ នៅពេលរ៉ុក្កែត​អវកាស Falcon Heavy របស់ក្រុមហ៊ុន SpaceX បានធ្វើការហោះហើរ​សាកល្បង​ជាលើកដំបូងនា​​ខែ​កុម្ភៈ​នេះ សហគមន៍​អវកាសចិន ភាគច្រើនមាន​ការកោតសរសើរ​ និងស្ញប់ស្ញែង​ជាខ្លាំង ហើយប្រធាន​ទីភ្នាក់ងារ​អវកាសអឺរ៉ុប​ ESA ដែលបាន​ទស្សនា​ការបាញ់​បង្ហោះគ្រាប់រ៉ុក្កែត​ អាចប្រើប្រាស់ឡើងវិញដ៏ធំរបស់ SpaceX នេះ ក៏មានអារម្មណ៍​មិនខុសគ្នាប៉ុន្មាន​នោះដែរ ក៏ប៉ុន្តែ​​តើទីភ្នាក់ងារ​អវកាស NASA របស់សហរដ្ឋអាមេរិក​ផ្ទាល់វិញ មានការយល់​ឃើញ​បែបណា? នេះបើតាម​ប្រភពពី Quartz Media ត្រូវបានដកស្រង់នៅរសៀល​ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។

ខណៈដែលខ្លួនបាន​កោតសរសើរ អំពើ​ការបង្ហាញសមត្ថភាពជាលើកដំបូង​របស់ Falcon Heavy អង្គការ NASA មិនលើក​ឡើងមិន​ដាច់ពីមាត់​ ចំពោះតួនាទី​ដ៏សំខាន់របស់ខ្លួន​ឯងផ្ទាល់ ដែលបានជួយ​ជ្រោមជ្រែង​ក្រុមហ៊ុន SpaceX ក្នុងការអភិវឌ្ឍ​គ្រាប់រ៉ុក្កែត​ថ្មីនេះ។ ម៉្យាងវិញទៀត ស្របពេលដែល​កិច្ចពិភាក្សា ​អំពីការបាញ់បង្ហោះ​ទំនិញរបស់ NASA តាមរយៈការ​ហោះហើរ​​ជាលើកដំបូង​ដ៏ប្រថុយ​ប្រថាន មិនដែលបាន​ឆ្លងផុតការ​ជជែកគ្នា តាមលក្ខណៈមិន​ផ្លូវការនោះ អតីតមន្រ្តី​ជាន់ខ្ពស់នៅ NASA ដែលបានជួយ​អភិវឌ្ឍន៍​ភាព​​ជាដៃគូរដ្ឋ-ឯកជន ពីក្រោយភាព​ជោគជ័យរបស់ SpaceX បានលើក​ឡើងថា NASA ពិតជា និងគួរតែចាត់​ទុកគ្រាប់​រ៉ុក្កែត SpaceX ជាគូប្រជែង​សម្រាប់គម្រោង​របស់ខ្លួន។

គួរជម្រាបថា នៅពេលលេច​ចេញជាទម្រង់ចុង​ក្រោយរបស់វា ប្រហែល​ជានៅ​​ខែមិថុនាឆ្នាំនេះ ដើម្បីដឹកជញ្ជូន​​ឧបករណ៍​សាកល្បង​​មួយចំនួន ឲ្យ​កងទ័ពអាកាស​អាមេរិក និងអង្គការ NASA គ្រាប់​រ៉ុក្កែត Falcon Heavy ត្រូវគេ​រំពឹងថា នឹងមានលទ្ធភាពនាំយក​​ទំនិញ​ទម្ងន់​ប្រមាណ ៧០តោន ទៅកាន់គន្លង​កម្រិតទាប​របស់ផែនដី (Low-Earth Orbit) ឬក៏ស្រាលជាង ២០តោន ទៅកាន់​ភពអង្គារ (Mars) ហើយចំណាយ ១៥០លានដុល្លារ ក្នុងមួយ​បេសកកម្ម។ បើតាមលោក Elon Musk ដែលជា ស្ថាបនិក និង CEO របស់ SpaceX គ្រាប់​រ៉ុក្កែត​នេះ ចំណាយ​ប្រហែលជាង ៥០០លានដុល្លារ ដើម្បីធ្វើ​ការអភិវឌ្ឍ។

ដោយឡែក ចូរយើងក្រឡេក​ទៅលើគ្រាប់រ៉ុក្កែត Space Launch System (SLS) ដែលកំពុងកសាង​ក្រោមការ​ណែនាំ​របស់ NASA ដោយ​ក្រុមហ៊ុន Boeing និងមានគោលដៅ​ ទៅរុករកក្នុង​ប្រព័ន្ធ​ព្រះអាទិត្យ​យើងវិញ។ បើតាមកញ្ចប់​ថវិកាថ្មីរបស់ NASA ដែល​ចេញ​ផ្សាយ​កាលពី​សប្តាហ៍មុន SLS នឹងហោះហើរ​ជាលើកដំបូង​នៅឆ្នាំ២០២០ មានសមត្ថភាព​ដឹកជញ្ជូនទំនិញ​បាន ៧៧តោន ទៅកាន់​​គន្លង Low-Earth Orbit ដោយ​ចំណាយ ០១ពាន់លានដុល្លារ សម្រាប់ការ​ចេញដំណើរ​មួយលើកៗ។

ការចំណាយសរុប​សម្រាប់​កម្ម​វីធីនេះ គឺពិបាកក្នុងការប៉ាន់​ស្មានបន្តិច ប៉ុន្តែនឹងលើសពី ១០ពាន់លានដុល្លារ ខណៈកាលពី​ឆ្នាំមុន អង្គការ NASA បាន​ចំណាយ​០២ពាន់លានដុល្លារ​ លើរ៉ុក្កែតនេះ​ហើយរំពឹងថា នឹងចំណាយថវិកា​ប្រហាក់​ប្រហែលគ្នា ជារៀងរាល់ឆ្នាំ​សម្រាប់ពេល ០៥ឆ្នាំខាង​មុខ។ រ៉ុក្កែត SLS នឹងមានកម្លាំង​ខ្លាំងជាង ប៉ុន្តែ Falcon Heavy អាចចាប់ផ្តើម​ធ្វើប្រតិបត្តិការ​ជាបណ្តើរៗ​រួចស្រេច​ទៅហើយ និងចំណាយ​អស់តិច​ថែម​ទៀត៕