(តូក្យូ)៖ យន្តហោះចម្បាំងធុន F-16 មួយគ្រឿង ដែលជាកម្មសិទ្ធិរបស់មូលដ្ឋានទ័ពអាកាសអាមេរិក នៅក្រុងមីសាវ៉ា (Misawa) ភាគខាងជើងប្រទេសជប៉ុនបានឆាបឆេះ ក្រោយពីហោះហើរចាកចេញពីបន្ទាយបានតែបន្តិចប៉ុណ្ណោះ នាព្រឹកថ្ងៃអង្គារនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមរដ្ឋមន្រ្តីការពារជាតិជប៉ុន លោក អ៊ីស៊ូណូរី អូណូឌែរ៉ា (Itsunori Onodera) អណ្តាតភ្លើងបានឆាបឆេះម៉ាស៊ីនរបស់យន្តហោះខាងលើ ភ្លាមៗក្រោយពីវាបានហោះចាកចេញពីបន្ទាយយោធា Misawa ដែលស្ថិតក្នុងខេត្ត អូម៉ូរី (Aomori) កាលពីវេលាម៉ោង ៨៖៣៩នាទីព្រឹកថ្ងៃអង្គារនេះ (ម៉ោងនៅក្នុងតំបន់)។
ការឆាបឆេះនេះ បានបង្ខំឲ្យអាកាសយានិក បង្ហូរប្រេងសាំងនៅក្នុងធុងស្តុកខាងក្រៅចំនួន ០២ របស់យន្តហោះចោល ទៅក្នុងបឹង អូហ្គាវ៉ារ៉ា (Ogawara) ដែលនៅភាគជើងក្បែរមូលដ្ឋានទ័ពអាកាស Misawa។ ការធ្វើបែបនេះ គឺជាវីធីសាស្រ្តស្តង់ដា នៅពេលឆ្លើយតបចំពោះករណីភ្លើងឆេះម៉ាស៊ីនយន្តហោះ ដើម្បីធានាថា ធុងដែលផ្ទុកប្រេងសាំងនឹងមិនអាចផ្ទុះ ដែលបង្កជាគ្រោះធំ។
គួរជម្រាបថា យន្តហោះធុន F-16 បានវិលត្រឡប់ទៅកាន់បន្ទាយរបស់ខ្លួនវិញ នាវេលាម៉ោង ៨៖៤២នាទីព្រឹកថ្ងៃដដែល ពោលគឺនៅប៉ុន្មាននាទីក្រោយពេលកើតហេតុ ហើយពុំសេចក្តីរាយការណ៍អំពីមនុស្សរងគ្រោះ ឬក៏ការខូចខាត នៅលើផ្ទៃដីឬផ្ទៃបឹង ជាទីដែលប្រេងសាំងយន្តហោះ ត្រូវបានបង្ហូរចោលឡើយ។
ដោយឡែក ខណៈដែលឧបទ្ទវហេតុទាក់ទិននឹងយន្តហោះយោធាអាមេរិក បានបន្តកើនឡើងជាបន្តបន្ទាប់នាពេលថ្មីៗនេះ លោក Onodera បានឲ្យដឹងថា រូបលោកនឹងព្យាយាមទាមទារ ការពន្យល់បកស្រាយពីភាគីអាមេរិក ថាតើហេតុអ្វីបានជាហេតុការណ៍ទាំងអស់នេះ អាចកើតឡើងទៅរួច ហើយស្នើឲ្យមានវិធានការទប់ស្កាត់ជាបន្ទាន់ សម្រាប់ការកើតឡើងជាដដែលៗ នៃឧបទ្ទវហេតុបែបៗនេះ៕