(វ៉ាស៊ីនតោន)៖ រដ្ឋមន្រ្តីការបរទេសអាមេរិក លោក រ៉ិច ធីល្លឺសុន បានបញ្ជាក់ពីគោលជំហររបស់សហរដ្ឋអាមេរិកជាថ្មីម្តងទៀត ដែលស្ម័គ្រចិត្តជានិច្ច ក្នុងការទាក់ទងតាមច្រកការទូតជាមួយកូរ៉េខាងជើង ដោយប្រមុខការទូតអាមេរិករូបនេះ បាននិយាយថា រូបលោកកំពុងផ្ទៀងត្រចៀករង់ចាំស្តាប់ទីក្រុងព្យុងយ៉ាង មកបង្ហើបប្រាប់លោកថា ខ្លួនត្រៀមខ្លួនចរចារួចរាល់ហើយ ឬនៅ។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់ នៅរសៀលថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងក្នុងកិច្ចសម្ភាសន៍មួយ ជាមួយស្ថានីយទូរទស្សន៍អាមេរិក CBS លោក ធីល្លឺសុន បានលើកឡើងយ៉ាងដូច្នេះថា «អ្វីដែលយើងត្រូវកំណត់ឲ្យបានច្បាស់នាពេលនេះនោះ គឺតើយើងត្រៀមខ្លួនហើយ ឬនៅ ដើម្បីចាប់ផ្តើមការចរចា? តើពួកគេ (កូរ៉េខាងជើង) ត្រៀមខ្លួនហើយ ឬនៅ? ប្រសិនបើពួកគេនៅមិនទាន់ត្រៀមខ្លួនរួចទេនោះ យើងនឹងបន្តយុទ្ធនាការដាក់សម្ពាធ និងទណ្ឌកម្មទៅមុខទៀត ហើយយើងនឹងបង្កើនវាឲ្យកាន់តែខ្លាំងថែមទៀត»។
លោក រ៉ិច ធីល្លឺសុន បានបន្ថែមថា តួនាទីរបស់លោកក្នុងនាមជាប្រមុខការទូត គឺធ្វើយ៉ាងណាធានាឲ្យបានថា កូរ៉េខាងជើងអាចដឹងថា សហរដ្ឋអាមេរិក បើកទ្វារចំហស្វាគមន៍ជានិច្ច ដើម្បីរង់ចាំទទួលទីក្រុងព្យុងយ៉ាង ឲ្យមកចូលអង្គុយក្នុងតុចរចា។ លោក ធីល្លឺសុន បាននិយាយដូច្នេះថា «ខ្ញុំកំពុងរង់ចាំស្តាប់អ្នកមកប្រាប់ខ្ញុំថា អ្នកត្រៀមខ្លួនដើម្បីចរចាគ្នារួចរាល់ហើយ ឬក៏នៅ»។
បន្ថែមពីនេះលោករដ្ឋមន្រ្តីការបរទេសអាមេរិកបានសន្យាថា នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហានៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង តាមមធ្យោបាយការទូត ទោះបីជាជម្រើសនៃការប្រើប្រាស់កម្លាំងយោធា នៅតែមិនត្រូវបោះបង់ចោលទាំងស្រុងក៏ដោយ ហើយលោកសង្ឃឹមថា វានឹងមិនឈានដល់ការជ្រើសរើសជម្រើសនេះឡើយ។ ជាមួយគ្នានេះ លោក ធីល្លឺសុន ក៏បានលើកឡើងពីសារសំខាន់ នៃតួនាទីរបស់ចិន នៅក្នុងតុចរចានាពេលអនាគត ជាមួយកូរ៉េខាងជើងផងដែរ។
នៅពេលចោទសួរថាតើ ហេតុអ្វីបានជាកូរ៉េខាងជើងត្រូវបោះបង់ចោលកម្មវិធីអភិវឌ្ឍន៍នុយក្លេអ៊ែរ ដែលទីក្រុងព្យុងយ៉ាង យល់ឃើញថា ជាគោលនយោបាយធានាសុវត្ថិភាពមួយនោះ លោក រ៉ិច ធីល្លឺសុន បានឆ្លើយតបថា វាគ្មានប្រយោជន៍អ្វីដល់កូរ៉េខាងជើង ក្រៅតែពីធ្វើឲ្យប្រទេសនេះកាន់តែឯកោ ដាច់ឆ្ងាយពីពិភពលោក ទាំងផ្នែកការទូត និងផ្នែកសេដ្ឋកិច្ចនោះឡើយ៕