(សេអ៊ូល)៖ គិតចាប់តាំងពីការអញ្ជើញជាផ្លូវការ តាមរយៈលិខិត លោក គីម ជុងអ៊ុន ផ្ញើតាមប្អូនស្រីបង្កើតរបស់លោក គឺអ្នកនាង គីម យ៉ូចុង មកជូនផ្ទាល់ដៃ លោក មូន ជែអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី១០ ខែកុម្ភៈនោះ រដ្ឋាភិបាលប្រទេសសម្ព័ន្ធមិត្តកាត់ទឹកមិនដាច់របស់អាមេរិកមួយនេះ មិនទាន់មានការឆ្លើយតបណាមួយ ទៅកាន់កូរ៉េខាងជើងវិញនោះឡើយ។ នេះបើតាមការដកស្រង់ព័ត៌មាន នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក មូន ជែអ៊ីន ត្រូវបានគេមើលឃើញថា កំពុងមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្ត ព្រោះខ្លាចក្រែងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ទំនង រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ក៏ដូចជាធ្វើឱ្យភូមិសាស្ត្រនយោបាយនៅក្នុងតំបន់ មានការផ្លាស់ប្ដូរ បើសិនជាលោកយល់ព្រមបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង។
ជាក់ស្ដែងកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន លោក មូន បានប្រាប់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «វាដូចជាលឿនពេកក្នុងការគិតពីការបំពេញទស្សនកិច្ច ទៅកាន់ទីក្រុងព្យុងយ៉ាង បើទោះ ជាមានសង្ឃឹមខ្ពស់សម្រាប់កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង និងកូរ៉េខាងជើងក៏ដោយ។ ម្យ៉ាងវិញទៀត យើងនៅតែរំពឹងថា កិច្ចសន្ទនាអន្តរកូរ៉េបច្ចុប្បន្នអាចនឹងនាំទៅរកកិច្ចសន្ទនារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ជុំវិញការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ»។
គួរបញ្ជាក់ថា លិខិត លោក គីម ជុងអ៊ុន ត្រូវបានប្រគល់ជូនលោក មូន ផ្ទាល់ដៃកាលពីជាងមួយសប្ដាហ៍មុន នៅក្នុងជំនួបពិភាក្សាផ្លូវការ រវាងប្រតិភូជាន់ខ្ពស់កូរ៉េខាងជើង និងថ្នាក់ដឹកនាំរដ្ឋាភិបាលកូរ៉េខាងត្បូង ដែលដឹកនាំដោយប្រធានាធិបតី លោក មូន ជែអ៊ីន។ នៅក្នុងលិខិតនោះ គឺលោក គីម មេដឹកនាំវ័យក្មេងជំនាន់ទី ៣ របស់កូរ៉េខាងជើង បានអញ្ជើញលោក មូន ទៅបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង ឲ្យបានឆាប់តាមដែលអាចទៅរួច ហើយលោក គីម មានឆន្ទៈក្នុងការជម្រុញឲ្យទំនាក់ទំនងរវាងកូរ៉េទាំងពីរ បានប្រសើរឡើងវិញ។
ទោះបីជាមានការវិភាគច្រើនមកហើយ ក្នុងរយៈពេល ១០ថ្ងៃកន្លងមកនេះ អំពីចម្លើយដែលនឹងចេញពីមាត់ លោក មូន ជែអ៊ីន ក៏មេដឹកនាំកូរ៉េខាងត្បូងរូបនេះហាក់បង្ហាញថា ខ្លួននៅត្រូវការការត្រិះរិះពិចារណាយ៉ាងដិតដល់បំផុត មុននឹងត្រូវប្រាប់ទៅកូរ៉េខាងជើងវិញ នូវចម្លើយថា ទៅ ឬមិនទៅ តាមការអញ្ជើញដ៏មហាកម្របំផុតពីមេដឹកនាំ កូរ៉េខាងជើង ដែលកំពុងគ្របដណ្តប់ដោយទណ្ឌកម្មជុំទិស និងជាសត្រូវធំបំផុតរបស់សហរដ្ឋអាមេរិក នៅតំបន់អាស៊ីបូព៌ានោះ។
ប្រការហេតុនេះវាអាចមានន័យថា កូរ៉េខាងត្បូងត្រូវការការឯកភាពពីសហរដ្ឋអាមេរិកជាចាំបាច់ ក្នុងករណីដែលខ្លួនចង់ទៅបំពេញទស្សនកិច្ច តបតាមការអញ្ជើញរបស់កូរ៉េខាងជើង ព្រោះអីសន្តិសុខរបស់ទីក្រុងសេអ៊ូល គឺពឹងផ្អែកស្ទើរទាំងស្រុង ទៅលើការការពារពីសំណាក់ទីក្រុងវ៉ាស៊ីនតោន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺនៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈនេះតែម្តង យោធាកូរ៉េខាងត្បូងបែរជាប្រកាសថា នឹងធ្វើសមយុទ្ធយោធាជាមួយអាមេរិក នៅក្នុងឆ្នាំនេះតាមការគ្រោងទុកដដែល ដែលវាពិតណាស់ថា នឹងបង្កបញ្ហាធំឡើងវិញជាមួយកូរ៉េខាងជើង ដោយសារទីក្រុងព្យុងយ៉ាងបានព្រមានទុកមុន ជាច្រើនដងរួចមកហើយ កុំឲ្យកូរ៉េខាងត្បូងធ្វើសមយុទ្ធយោធាជាមួយអាមេរិក បើសិនជាចង់ពិភាក្សាដោះស្រាយបញ្ហាកូរ៉េទាំងពីរ៕