(វ៉ាស៊ីនតោន)៖ ការចុះឈ្មោះសារព័ត៌មានរុស្ស៊ី Sputnik ជាទីភ្នាក់ងារបរទេសពីសំណាក់ក្រុមហ៊ុនអាមេរិក RIA Global LLC បានបង្ហាញកាន់តែច្បាស់ថា លក្ខខណ្ឌក្នុងការបំពេញការងារ នៃប្រព័ន្ធផ្សព្វផ្សាយនៅសហរដ្ឋអាមេរិក កាន់តែមានសភាពយ៉ាប់យ៉ឺន។ នេះបើតាមអ្នកនាំពាក្យស្ថានទូតរុស្ស៊ី ប្រចំាសហរដ្ឋអាមេរិក ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះជាមួយ Sputnik អ្នកនាំពាក្យរូបនេះ បានលើកឡើងយ៉ាងដូច្នេះថា «អ្នកសារព័ត៌មានរបស់យើង គ្មានជម្រើសទេនៅទីនេះ (សហរដ្ឋអាមេរិក)។ ពួកគេកំពុងធ្វើការក្នុងប្រទេសមួយ ដែលពាក្យស្លោកមិនដូចការ អនុវត្តន៍ រីឯលក្ខខណ្ឌនៃការបំពេញការងារ នៃប្រព័ន្ធផ្សព្វផ្សាយបរទេស កាន់តែមានសភាពយ៉ាប់យ៉ឺន ដែលអង្គការសិទ្ធិមនុស្សគួរតែធ្វើអន្តរាគមន៍ ខណៈវិធានការសងសឹកអាចនឹងត្រូវធ្វើឡើង»។
គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ សារព័ត៌មាន RT America និង Sputnik ត្រូវបានអាជ្ញាធរអាមេរិកតម្រូវឱ្យចុះបញ្ជី ជាទីភ្នាក់ងារបរទេសនៅសហរដ្ឋអាមេរិក បន្ទាប់ពីមានការស្នើពីក្រសួងយុត្តិធម៌ ហើយការចុះឈ្មោះបែបនេះ នឹងធ្វើឲ្យប្រតិបត្តិការរបស់សារព័ត៌មានទាំងនេះ កាន់តែត្រូវរឹតត្បិតសេរីភាពជាងមុនឆ្ងាយ៕