(សេអ៊ូល)៖ ក្រសួងការពារជាតិកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានអះអាងថា យោធារបស់ខ្លួននឹងដឹកនាំការធ្វើសមយុទ្ធ យោធារួមគ្នាជាមួយសហរដ្ឋអាមេរិក នៅក្នុងឆ្នាំនេះ បើទោះជាមានការព្រមានពីកូរ៉េខាងជើងក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងរបាយការណ៍ដាក់ជូនសភាជាតិ ក្រសួងការពារជាតិកូរ៉េខាងត្បូងបានបញ្ជាក់ថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នឹងដឹកនាំការធ្វើសមយុទ្ធយោធាប្រចាំឆ្នាំ Key Resolve (KR) និង Ulchi Freedom Guardian (UFG) ក្នុងគោល បំណងអភិវឌ្ឍន៍ប្រតិបត្តិការ 4D Operational Concept ដើម្បីចាប់សញ្ញា រារាំង កម្ទេច និងការពារប្រឆាំងនឹងការគំរាមកំហែង ដោយមីស៊ីលកូរ៉េខាងជើង។
ប៉ុន្តែព្រមពេលជាមួយគ្នា ក្រសួងមួយនេះមិនបានបញ្ជាក់ឱ្យច្បាស់ពីកាលបរិច្ឆេទនោះទេ ខណៈសមយុទ្ធយោធាទ្រង់ទ្រាយធំប្រចំាឆ្នាំទាំងពីរ ជាធម្មតាត្រូវធ្វើឡើងនៅចុងខែកុម្ភៈ និងដើមខែមីនា។
គួររំលឹកថា ស្ថានភាពបច្ចុប្បន្ននៅលើឧបទ្វីបកូរ៉េ មានសភាពស្ថប់ស្ងាត់ ក្រោយកូរ៉េខាងជើងយល់ព្រមចូលរួម ក្នុងព្រឹតិ្តការណ៍កីឡាអូឡាំពិករដូវរងារ។ ប៉ុន្តែភាពស្ងប់ស្ងាត់ ត្រូវបានអ្នកជំនាញខ្លះយល់ថា គ្រាន់តែជារឿងបណ្ដោះអាសន្នតែប៉ុណ្ណោះ ពោលគឺភាពតានតឹងអាចនឹងផ្ទុះឡើងជាថ្មី បើសិនជាទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ។
ទោះបីជាទំនាក់ទំនងកូរ៉េទាំងពីរបានប្រសើរឡើងវិញបន្តិច តាមរយៈការសម្របសម្រួលរវាងកូរ៉េទាំងពីរនាពេលកន្លងទៅនេះមែន ប៉ុន្តែវាមិនមែនជាអ្វី ដែលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តធំៗរបស់ខ្លួន ចង់បាននោះឡើយ ព្រោះគោលការណ៍ពិតប្រាកដរបស់អន្តរជាតិ គឺការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ដោយអន្តរជាតិចាត់ទុកកម្មវិធីអភិវឌ្ឍន៍គ្រាប់មីស៊ីល-នុយក្លេអ៊ែរទីក្រុងព្យុងយ៉ាង ថាបាននិងកំពុងប្រឆាំងច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕