(សាន់ហ្វ្រាន់ស៊ីស្កូ)៖ បុរសជាជនសង្ស័យម្នាក់បានស្លាប់ នៅក្នុងករណីបាញ់ប្រហារជាមួយប៉ូលិសនៅក្នុងទីក្រុង ស៊ីតថល (Seattle) នៃរដ្ឋវ៉ាស៊ីនតោន ភាគជើងឈាងខាងលិចសហរដ្ឋអាមេរិក បន្ទាប់ពីកើតមានករណីលួចប្លន់ និងបម្រុងបើករថយន្តរត់គេច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០១៨។
ទីបញ្ជាការប៉ូលិសប្រចាំទីក្រុងស៊ីតថល បានឲ្យដឹងថា «មន្ត្រីប៉ូលិសមួយរូបបានធ្វើការបាញ់តបតជាមួយនឹងជនសង្ស័យម្នាក់ ហើយជាលទ្ធផលជនសង្ស័យនោះបានស្លាប់ ឯមន្ត្រីប៉ូលិសម្នាក់បានទទួលរងរបួស»។ ការបាញ់ប្រហារបានកើតមានឡើង នៅតំបន់ 34th Avenue នៃទីក្រុងស៊ីតថល ក្រោយប៉ូលិសបានទទួលបានសេចក្តីរាយការណ៍ អំពីការលួចប្លន់រថយន្តពីលំនៅឋានប្រជាជនក្នុងតំបន់ រួចបម្រុងបើករថយន្តរត់ចេញ។
ប៉ូលិសបានអះអាងថា ខ្លួនបានឃើញបុរសម្នាក់ចុះចេញពីរថយន្ត ហើយរត់នៅតាមដងផ្លូវរួចប៉ូលិសក៏ដេញតាម តែជនសង្ស័យបានងាកមកបាញ់ប្រហារលើប៉ូលិសវិញ ជាហេតុបង្ខំឲ្យប៉ូលិសបាញ់តបតក្នុងន័យការពារខ្លួន ទើបបានបណ្តាលឲ្យជនសង្ស័យនោះស្លាប់ ឯប៉ូលិសបានរងរបួស។ បច្ចុប្បន្នការស៊ើបអង្កេតករណីនេះ កំពុងតែបន្តនៅឡើយ៕