(អ៊ីរ៉ង់)៖ ស្ថានីយទូរទស្សរដ្ឋអ៊ីរ៉ង់ នៅថ្ងៃចន្ទនេះ បានលុបចោលភ្លាមនូវសេចក្ដីរាយការណ៍ដែលថាបំណែកយន្ដហោះ ត្រូវបានគេរកឃើញ បន្ទាប់ពីយន្ដហោះដឹកអ្នកដំណើរ និងក្រុមអាកាសយាននិក៦៥នាក់ បានធ្លាក់កាលពីថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ការលុបចោលសេចក្ដីរាយការណ៍ខាងលើ កើតមានឡើងក្រោយសារព័ត៌មានជាច្រើននៅក្នុងស្រុកបានចុះផ្សាយថា បំណែកយន្ដហោះដែលធ្លាក់នៅឯតំបន់ភ្នំមួយកន្លែង ត្រូវបានគេរកឃើញនៅឯតំបន់ Dengezlu នៃខេត្ត Ispahan។ ប៉ុន្តែសេចក្ដីរាយការណ៍ នេះត្រូវបានលុបចោលទៅវិញដោយសា្ថនីយទូរទស្សន៍រដ្ឋអ៊ីរ៉ង់ ដោយអះអាងថាពុំទាន់មាន ព័ត៌មានគួរឱ្យទុកចិត្តពាក់ព័ន្ធនឹងការរកឃើញបំណែកយន្ដហោះនៅឡើយទេ ខណៈក្រុមអ្នកជួយសង្រ្គោះកំពុងបន្ត ប្រតិបត្តិការរុករក ក្រោមអាកាសធាតុមិនអំណោយផល។ មិនតែប៉ុណ្ណោះ ក៏មិនទាន់មានព័ត៌មានថាក្រុមអ្នកជួយ សង្រ្គោះចូលទៅដល់ទីតាំងយន្ដហោះធ្លាក់នៅឡើយដែរ។
គួរបញ្ជាក់ថា យន្តហោះប្រភេទ ATR-72 មានជើងហោះហើរលេខ EP3704 ផលិតនៅឆ្នាំ១៩៩៣ ដែលត្រូវបានចាត់ទុកជាយន្តហោះវ័យចំណាស់មួយ ទុកសម្រាប់ធ្វើដំណើរតែក្នុងស្រុក ដែលមានរយៈចម្ងាយខ្លីប៉ុណ្ណោះ ហើយវាបានធ្លាក់នៅព្រឹកថ្ងៃអាទិត្យ (ម៉ោងនៅទីក្រុងតេហេរ៉ង់) ដោយបានសម្លាប់មនុស្សទាំងអស់ ៦៥នាក់ (អ្នកដំណើរ ៥៩នាក់ និងសហសេវិក ០៦នាក់) ដែលពីដំបូងឡើយមានសេចក្តីរាយការណ៍ថា មនុស្សជិះនៅលើនោះទាំងអស់មានរហូតដល់ ៦៦នាក់។ ចំណែកឯ កត្តាចម្បងដែលបាននាំឲ្យយន្តហោះធុនមធ្យមរបស់អ៊ីរ៉ង់ ធ្លាក់នៅតំបន់ភ្នំភាគខាងត្បូងប្រទេសនេះ អាចបណ្តាលមកពីកត្តាអាកាសធាតុអាក្រក់ជាចម្បង ដែលមានដូចជា អ័ព្ទចុះខ្លាំង ព្រិលធ្លាក់ និងខ្យល់បក់បោកខ្លាំងជាដើម៕
យន្តហោះ ATR-72 មានគោលដៅពីទីក្រុងតេហេរ៉ង់ ឆ្ពោះទៅកាន់ទីក្រុង Yasuj ភាគខាងត្បូងប្រទេសដែលមានចម្ងាយ ហោះហើរ ៧៨០គីឡូម៉ែត្រ ប៉ុន្តែវាបានធ្លាក់នៅតំបន់ភ្នំ Zagros ដែលមានអាកាសធាតុអាក្រក់ខ្លាំង៕