(មូស្គូ)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov នៅថ្ងៃចន្ទនេះ បានអំពាវនាវឱ្យសហរដ្ឋអាមេរិកកុំលេងជាមួយ ភ្លើងនៅក្នុងប្រទេសស៊ីរី ហើយលោកក៏បានសង្កត់ធ្ងន់ដែរថាបូរណភាពទឹកដី និងដែនអធិបតេយ្យភាពស៊ីរី គួរតែត្រូវបាន ការពារ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Sergei Lavrov បានសម្ដែងក្ដីព្រួយបារម្ភចំពោះសកម្មភាពរបស់សហរដ្ឋអាមេរិកនៅស៊ីរី ប៉ុន្តែលោកក៏ឆ្លៀតចោទ ប្រកាន់ទីក្រុងវ៉ាស៊ីនតោនថាកំពុងប្រើប្រាស់ក្រុមអ្នកប្រយុទ្ធឃើដដើម្បីបំផ្លាញបូរណភាពទឹកដីស៊ីរី។ «ការព្រួយបារម្ភបែប នេះបានកើតឡើងនៅពេលដែលយើងបានដឹកពីផែនការរបស់សហរដ្ឋអាមេរិក ជាពិសេសនៅតំបន់ភាគខាងកើតនៃទន្លេ Euphrates ដែលជាទឹកដីមួយដ៏ធំនៅចន្លោះរវាងទន្លេមួយនេះ និងព្រំដែនរវាងស៊ីរី អ៊ីរ៉ាក់ និងតួកគី»។ នេះជាការលើក ឡើងរបស់ប្រមុខការបរទេសរុស្ស៊ី។
គួរបញ្ជាក់ថា លោក Sergei Lavrov ក៏បានជំរុញផងដែរឱ្យសហរដ្ឋអាមេរិកកុំលេងជាមួយភ្លើងនៅក្នុងប្រទេសស៊ីរី ព្រម ទាំងត្រូវប្រុងប្រយ័ត្នចំពោះជំហានដើររបស់ខ្លួន ដោយមិនត្រូវគិតគូរពីស្ថានភាពនយោបាយបច្ចុប្បន្ននេះ ក៏ប៉ុន្តែត្រូវគិតគូរពីផលប្រយោជន៍យូរអង្វែងនៃប្រជាជនស៊ីរី៕