Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ទស្សនាជម្រើសរូបភាពសំខាន់ៗ ស្តែងពីព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨! (Photo inside)

19-02-2018 21:05

(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមាន ទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ភ្នំភ្លើងស៊ីណាប៊ុង (Sinabung) ដ៏ល្បីល្បាញបំផុតប្រចាំកោះស៊ូម៉ាត្រា នៃប្រទេសឥណ្ឌូណេស៊ី បានផ្ទុះយ៉ាងកក្រើក នៅថ្ងៃចន្ទនេះនាំឲ្យកម្អែលផេះជះឡើងលើអាកាសរហូតដល់កម្ពស់ ៤.៩គីឡូម៉ែត្រ៕

២៖ ផ្កាយរណប Mars Reconnaissance Orbiter (MRO) របស់ទីភ្នាក់ងារអវកាស NASA ដែលបានបន្តស្ថិនៅក្បែរ គន្លងភពអង្គារ ចាប់តាំងតែពីឆ្នាំ២០០៦ មកម្ល៉េះនោះ ត្រូវបានគេកំណត់ឲ្យស្ថិតក្នុង Standby Mode ដើម្បីបង្ការ សុវត្ថិភាពកាលពីសប្តាហ៍មុន ជាការឆ្លើយតបចំពោះបញ្ហាថាមពលថ្ម ដែលមានកម្រិតទាបហួសពីការស្មាន៕

៣៖ ក្រុមអ្នកប្រយុទ្ធឃើដនៅភាគពាយ័ព្យប្រទេសស៊ីរីបានអះអាងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយ រដ្ឋាភិបាលស៊ីរី ហើយដែលតាមកិច្ចព្រមព្រៀងនេះ ទីក្រុងដាម៉ាស់ យល់ព្រមបញ្ជូនកងទ័ពឱ្យមកជួយពួកគេដើម្បី បណ្ដេញកងកម្លាំងតួកគីចេញពីទឹកដីស៊ីរី៕

៤៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahou) បានព្រមានជាសាធារណៈ ថា អ៊ីសា្រអែលនឹងធ្វើអន្តោរាគមន៍យោធាប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងសម្ព័ន្ធមិត្តរបស់ទីក្រុងតេហេរ៉ង់ នៅក្នុងករណីចំាបាច់៕

៥៖ ស្រ្តីជាពលរដ្ឋនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចាប់ពីពេលនេះតទៅនឹងទទួលបានការអនុញ្ញាតឲ្យប្រកបអាជីវ កម្មផ្ទាល់ខ្លួនរបស់ពួកគេ ដោយពុំចាំបាច់ការឯកភាពពីសំណាក់ក្រុមគ្រួសារ បងប្អូនសាច់ញាតិដែលជាបុរសឬស្វាមី ទៀតឡើយ៕

៦៖ ក្រសួងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងនាថ្ងៃចន្ទនេះថា ខ្លួននិងទីភ្នាក់ងារការពារមីស៊ីលអាមេរិកបានទទួល ជោគជ័យក្នុងការធ្វើតេស្តមីស៊ីល Arrow-3 ដែលជាប្រភេទប្រព័ន្ធការពារ ប្រឆាំងនឹងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ផលិតរួមគ្នាដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក៕