(ម៉ិចស៊ីកូស៊ីធី)៖ គ្រោះរញ្ជួយដីជាថ្មីកម្រិត ៦.១រ៉ិចទ័រ នៅរដ្ឋ Oaxaca ភាគខាងត្បូងប្រទេសម៉ិចស៊ីកូនោះ មិនបង្កឲ្យមនុស្សរងគ្រោះ ឬក៏ការខូចបន្ថែមនោះឡើយ ប៉ុន្តែហ្វូងមនុស្សម្នាបានចេញមកឈរតាមទីវាល និងដងផ្លូវ ដើម្បីសុវត្ថិភាព ខណៈការភ័យខ្លាចកាន់តែកើនឡើង ព្រោះវាជាគ្រោះរញ្ជួយដីលើកទីពីរ ក្នុងរយៈពេល ០៣ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយ Telegraph នាល្ងាចថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
គ្រោះរញ្ជួយដីជាថ្មី នៅក្បែរទីតាំងដដែលនេះ បានកើតមានឡើងនៅចម្ងាយ ៣២គីឡូម៉ែត្រ ពីទីក្រុងនៃរដ្ឋ Oaxaca ជាមួយនឹងជម្រៅរំញ័រ ៤០គីឡូម៉ែត្រពីក្នុងដី កាលពីវេលាម៉ោង ១២៖៥៧នាទី រំលងអធ្រាតឈានចូលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ (ម៉ោងនៅអាមេរិកខាងជើង) ដែលស្ថិតនៅចម្ងាយ ៣២០គីឡូម៉ែត្រ ពីរដ្ឋធានីម៉ិចស៊ីកូស៊ីធី។
សម្រាប់កម្រិតរំញ័រលើកនេះ គឺស្រាលជាងកាលពីថ្ងៃសុក្រសប្តាហ៍មុន ដែលមានកម្រិត ៧.២រ៉ិចទ័រ បានបណ្តាលឲ្យអគារ-លំនៅឋានជាង ១,០០០ខ្នងរងការបំផ្លិចបំផ្លាញ ប៉ុន្តែសំណាងល្អ ដែលពុំមានមនុស្សរងរបួសធ្ងន់ធ្ងរ និងស្លាប់។
គួរបញ្ជាក់ថា ទោះបីគ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន មិនបានបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ដោយសារវាមែន ប៉ុន្តែឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ិចស៊ីកូ និងអភិបាលរដ្ឋ Oaxaca ដែលចេញទៅពិនិត្យស្ថានការណ៍ក្រោយរញ្ជួយដីនោះ បានធ្លាក់នៅក្នុងរដ្ឋនេះតែម្តង បានបណ្តាលឲ្យប្រជាជននៅលើដី ១៣នាក់ស្លាប់ និង ១៥នាក់រងរបួស ប៉ុន្តែមន្ត្រីជាន់ខ្ពស់លើឧទ្ធម្ភាគចក្រដែលធ្លាក់នោះ មិនបានរងគ្រោះថ្នាក់ឡើយ៕