(អ៊ីស្រាអែល)៖ ក្រសួងការពារជាតិអ៊ីស្រាអែល បានឲ្យដឹងនាថ្ងៃចន្ទនេះថា ខ្លួននិងទីភ្នាក់ងារការពារមីស៊ីលអាមេរិក បានទទួលជោគជ័យក្នុងការធ្វើតេស្តមីស៊ីល Arrow-3 ដែលជាប្រភេទប្រព័ន្ធការពារ ប្រឆាំងនឹងគ្រាប់មីស៊ីលរយៈចម្ងាយឆ្ងាយ ផលិតរួមគ្នាដោយអ៊ីស្រាអែល និងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ប្រព័ន្ធការពារមីស៊ីល Arrow-3 ដែលអាចបាញ់ស្ទាក់មីស៊ីលផ្លោង ខណៈដែលគ្រាប់មីស៊ីលទាំងនោះ កំពុងស្ថិតក្នុងស្រទាប់បរិយាកាសនៅឡើយ ត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Israel Aerospace Industries (IAI) របស់អ៊ីស្រាអែល និងក្រុមហ៊ុន Boeing របស់សហរដ្ឋអាមេរិក។
គួរជម្រាបថា Arrow-3 គឺជាប្រព័ន្ធការពារមីស៊ីលដ៏ទំនើបបំផុតរបស់អ៊ីស្រាអែល ហើយវាគឺជាផ្នែកនៃប្រព័ន្ធខែលការពារមីស៊ីលបីដំណាក់កាល របស់ប្រទេសអ៊ីស្រាអែល ដែលរួមមាន Iron Dome ជាប្រព័ន្ធសម្រាប់បាញ់ស្ទាក់គ្រាប់រ៉ុក្កែតរយៈចម្ងាយខ្លីៗ ពីតំបន់ហ្គាហ្សា (Gaza), ប្រព័ន្ធ David's Sling ដែលបានស្ទាប់ចាប់មីស៊ីលរយៈចម្ងាយមធ្យម ដែលជាកម្មសិទ្ធិរបស់ក្រុម Hezbollah គាំទ្រដោយអ៊ីរ៉ង់ នៅភាគខាងត្បូងលីបង់, និងចុងក្រោយគឺប្រព័ន្ធប្រឆាំងមីស៊ីលផ្លោងចម្ងាយឆ្ងាយ Arrow-3 នេះឯង៕