(សេអ៊ូល)៖ កូរ៉េខាងជើងនៅថ្ងៃចន្ទនេះ បានព្រមានសហរដ្ឋអាមេរិក ចំពោះការបើកឡើងវិញនូវការធ្វើសមយុទ្ធយោធា រួមគ្នាជាមួយកូរ៉េខាងត្បូង ដែលត្រូវបានពន្យាពេល រហូតដល់ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងានៅឯទីក្រុង PyeongChang បិទបញ្ចប់។ នេះបើតាមកាសែតរដ្ឋកូរ៉េខាងជើង ដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទអត្ថាធិប្បាយរបស់ខ្លួន កាសែតរដ្ឋកូរ៉េខាងជើង Rodong Sinmun ក៏បានកត់សម្គាល់ដែរថា សហរដ្ឋ អាមេរិកគួរតែត្រូវបានថ្កោលទោស សម្រាប់ការធ្វើសកម្មភាពប៉ះពាល់ដល់ ការផ្សះផ្សាទំនាក់ទំនងរវាងកូរ៉េទាំងពីរ នាពេលថ្មីៗនេះ។ Rodong Sinmun បានគូសបញ្ជាក់ដូច្នេះថា «សហរដ្ឋអាមេរិក មានគោលបំណងបំផ្លាញដល់ការផ្សះផ្សា ទំនាក់ទំនងរវាងកូរ៉េទាំងពីរ បន្ទាប់ពីព្រឹត្តិការណ៍កីឡាអូឡាំពិក តាមរយៈការធ្វើសមយុទ្ធយោធារួមគ្នាឡើងវិញ ជាមួយទីក្រុងសេអ៊ូល។ ដូច្នេះស្ថានភាពតានតឹងអាចផ្ទុះឡើងជាថ្មី រីឯសហរដ្ឋអាមេរិកនឹងត្រូវទទួលខុសត្រូវលើផលវិបាក ដែល កើតឡើងដោយសារទង្វើរបស់ខ្លួន»។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង សហរដ្ឋអាមេរិកមានគំរោងបើកសមយុទ្ធយោធារួមគ្នាឡើងវិញ ជាមួយកូរ៉េខាងត្បូង ក្រោយព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាក្នុងទីក្រុង PyeongChang បិទបញ្ចប់នៅថ្ងៃទី២៥ ខែកុម្ភៈនេះ៕