(សេអ៊ូល)៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន General Motors ក្នុងការបិទទ្វារោងចក្រមួយកន្លែង នៅភាគខាងត្បូងទីក្រុងសេអ៊ូល នឹងបង្កផលប៉ះពាល់ជាខ្លាំង ដោយលោកបានបង្គាប់ឲ្យគ្រប់ក្រសួងពាក់ព័ន្ធទាំងអស់ រៀបចំវិធានការដើម្បីបង្កើនសកម្មភាពសេដ្ឋកិច្ច នៅក្នុងតំបន់នោះឡើងវិញ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីរបស់សហរដ្ឋអាមេរិក GM បានប្រកាសកាលពីសប្តាហ៍កន្លងទៅថា ខ្លួននឹងបិទរោងចក្រនៅក្នុងទីក្រុង Gunsan ភាគនិរតីនៃប្រទេសកូរ៉េខាងត្បូង នៅខែឧសភាខាងមុខ ហើយក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍ទៀត នឹងបន្តសម្រេចចិត្តទៅលើជោគវាសនារបស់រោងចក្រ ០៣កន្លែង ផ្សេងទៀត នៅក្នុងប្រទេសអាស៊ីខាងកើតមួយនេះ។
គួរជម្រាបថា លោក មូន ក៏បានស្នើឲ្យរដ្ឋាភិបាលរបស់លោក ប្រកាន់ឥរិយាបថរឹងមាំ នៅក្នុងកិច្ចពិភាក្សាលើវិស័យពាណិជ្ជកម្ម ជាមួយអាមេរិកផងដែរ ដោយលោកបានសម្តែងក្តីព្រួយបារម្ភ ជុំវិញកំហិតលើការនាំចូលពីបណ្តាប្រទេសផ្សេងៗ ដែលត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ ដោយទីក្រុងវ៉ាស៊ីនតោន៕