BREAKING NEWS: គ្រោះរញ្ជួយដីជាថ្មីទៀតកម្រិត ៦.១រ៉ិចទ័រ វាយប្រហារភាគខាងត្បូងម៉ិចស៊ីកូ ក្បែរទីតាំងដដែល!
19-02-2018 14:18
(ម៉ិចស៊ីកូស៊ីធី)៖ គ្រោះរញ្ជួយដីជាថ្មីទៀតកម្រិត ៦.១រ៉ិចទ័រ បានវាយប្រហារនៅចម្ងាយ ៤៣គីឡូម៉ែត្រពីរដ្ឋ Oaxaca នៃភាគខាងត្បូងប្រទេសម៉ិចស៊ីកូ នៅមុននេះបន្តិច ខណៈតំបន់ក្បែរៗនេះ ក៏ទើបតែរងគ្រោះរញ្ជួយដីកាលពីចុងសប្តាហ៍មុន ក្នុងកម្រិត ៧.២រ៉ិចទ័រ តែសំណាងល្អដែលមិនបានបណ្តាលឲ្យមនុស្សរងគ្រោះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយបណ្តាញព័ត៌មានទាន់ហេតុការណ៍ នារសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ភ្លាមៗបែបនេះមិនទាន់មានសេចក្តីរាយការណ៍ណាមួយ បញ្ជាក់ពីទំហំនៃការខូចខាត ឬក៏មនុស្សរងគ្រោះថ្នាក់នោះឡើយ។ ដោយឡែកកាលពីគ្រោះរញ្ជួយដី វាយប្រហាររដ្ឋដដែល នាចុងសប្តាហ៍មុននេះ បានបង្កឲ្យរដ្ឋធានីម៉ិចស៊ីកូស៊ីធីញ័ររញ្ជួយ និងបណ្តារដ្ឋជុំវិញ ដែលមានប្រជាជនរស់នៅសរុប ៤០នាក់ ញ័រទទ្រើកដូចគ្នា។
គួរបញ្ជាក់ថា គ្រោះរញ្ជួយដីកាលពីសប្តាហ៍មុន មិនបានបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់ដោយសារវាមែន ប៉ុន្តែឧទ្ធម្ភាគចក្រដឹករដ្ឋមន្ត្រី ក្រសួងមហាផ្ទៃម៉ិចស៊ីកូ និងអភិបាលរដ្ឋ Oaxaca ដែលចេញទៅពិនិត្យស្ថានការណ៍ក្រោយរញ្ជួយដីនោះ បានធ្លាក់នៅក្នុងរដ្ឋនេះតែម្តង បានបណ្តាលឲ្យប្រជាជននៅលើដី ១៣នាក់ស្លាប់ និង ១៥នាក់រងរបួស ប៉ុន្តែមន្ត្រីជាន់ខ្ពស់លើឧទ្ធម្ភាគចក្រ មិនបានរងគ្រោះថ្នាក់ឡើយ៕