នាយករដ្ឋមន្ត្រីអ៊ីស្រាអែល «បង្ហាញភាពក្តៅក្រហាយខ្លាំង ចំពោះមុខឆាកអន្តរជាតិ» និងព្រមានធ្វើអន្តរាគមន៍យោធាលើអ៊ីរ៉ង់!
19-02-2018 13:57
(អាល្លឺម៉ង់)៖ ដោយកាន់បំណែកយន្ដហោះដ្រូនអ៊ីរ៉ង់ ដែលយោធាអ៊ីស្រាអែល បាញ់ទម្លាក់កាលពីសប្ដាហ៍មុន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ (Benjamin Netanyahou) បានព្រមានជាសាធារណៈថា អ៊ីសា្រអែលនឹងធ្វើអន្តោរាគមន៍យោធាប្រឆាំងនឹងអ៊ីរ៉ង់ រួមទាំងសម្ព័ន្ធមិត្តរបស់ទីក្រុងតេហេរ៉ង់ នៅក្នុងករណីចំាបាច់។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Netanyahou ធ្វើការកត់សម្គាល់បែបនេះកាលពីថ្ងៃអាទិត្យ នៅអំឡុងពេលចូលរួមកិច្ចប្រជុំស្ដីពីសន្តិសុខ រៀបចំឡើងក្នុងទីក្រុងមុយនិច ប្រទេសអាល្លឺម៉ង់។ ថ្លែងនាឱកាសនោះដែរ នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះថែមទាំងបានចាត់ ទុកដែរថា អ៊ីរ៉ង់គឺជាមេគ្រោះធំបំផុតនៅក្នុងពិភពលោក។ លោក Netanyahou បន្ថែមដូច្នេះថា «យើងនឹងធ្វើអន្តរាគមន៍ភ្លាម បើសិនជាចាំបាច់ ដើម្បីប្រឆាំងមិនមែនត្រឹមតែដៃជើងអ៊ីរ៉ង់ប៉ុណ្ណោះ ប៉ុន្តែ គឺប្រឆាំងនឹងអ៊ីរ៉ង់ផ្ទាល់តែម្ដង»។
គួរបញ្ជាក់ថា ភាពតានតឹងនៅក្នុងតំបន់មជ្ឈិមបូព៌ា បានផ្ទុះឡើងជាថ្មីកាលពីថ្ងៃទី១០ ខែកុម្ភៈ ក្រោយយន្ដហោះចម្បាំង F-16 របស់អ៊ីស្រាអែលមួយគ្រឿង នៅក្នុងប្រតិបត្តិការមួយត្រូវបានបាញ់ប្រហារ ដោយមីស៊ីលប្រឆាំងយន្ដហោះ ពីសំណាក់យោធាស៊ីរី មុននឹងយន្ដហោះនេះធ្លាក់នៅលើទឹកដីអ៊ីស្រាអែល។ ប៉ុន្តែពីឡុតពីរនាក់ បានលោតចុះពីលើ យន្ដហោះ និងត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយនេះអាចចាត់ទុកបានថា ជាការបាត់បង់យន្ដហោះចម្បាំងជាលើក ដំបូងបំផុតចាប់តាំងពីអ៊ីស្រាអែលលូកដៃក្នុងសង្រ្គាមនៅស៊ីរី៕