(រីយ៉ាដ)៖ ស្រ្តីជាពលរដ្ឋនៅព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ចាប់ពីពេលនេះតទៅ នឹងទទួលបានការអនុញ្ញាតឲ្យប្រកបអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគេ ដោយពុំចាំបាច់ការឯកភាពពីសំណាក់ក្រុមគ្រួសារ បងប្អូនសាច់ញាតិដែលជាបុរស ឬស្វាមីទៀតឡើយ។ នេះបើតាមសេចក្តីរាយការណ៍របស់ព័ត៌មានក្នុងស្រុក អារ៉ាប៊ីសាអូឌីត អាល់អារ៉ាប៊ីយ៉ា (Al Arabiya) ដកស្រង់ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម និងវិនិយោគ របស់អារ៉ាប៊ីសាអូឌីត នាពេលនេះស្រ្តីភេទ អាចបើកជំនួញរបស់ពួកគេ និងទទួលបានអត្ថប្រយោជន៍ពីសេវាអេឡិចត្រូនិករបស់រដ្ឋាភិបាល ដោយពុំចាំបាច់មានការព្រមព្រៀងពីអាណាព្យាបាល ដែលជាបុរសទៀតឡើយ។
គួរជម្រាបថា ការកែប្រែគោលនយោបាយខាងលើនេះ គឺជាការបោះជំហ៊ានយ៉ាងឆ្ងាយមួយ ចេញពីប្រព័ន្ធអាណាព្យាបាលភាពដ៏តឹងរ៉ឹង ដែលត្រូវបានដាក់ទៅលើស្រ្តីភេទ អស់រយៈពេលរាប់ទសវត្សរ៍មកហើយ នៅអារ៉ាប៊ីសាអូឌីត។ នៅក្រោមប្រព័ន្ធអាណាព្យាបាលភាព នៃព្រះរាជាណាចក្រនៅតំបន់មជ្ឈិមបូព៌ាមួយនេះ ស្រ្តីៗគឺតម្រូវឲ្យបង្ហាញពីភស្តុតាង នៃការឯកភាពពីអាណាព្យាបាល ដែលជាបុរស ដែលជាទូទៅគឺប្តី ឪពុក បង ឬប្អូនប្រុស ដើម្បីបំពេញឯកសារបែបបទរដ្ឋាភិបាលណាមួយ និងសម្រាប់ការធ្វើដំណើរ ឬក៏ការចុះឈ្មោះចូលរៀនជាដើម៕