(ទី្រប៉ូលី)៖ អ្នកនាំពាក្យរដ្ឋាភិបាលភាគខាងកើតប្រទេសលីប៊ី លោក អាហ៍ម៉េដ មីស្មារី (Ahmad Mismari) បានបដិសេធចំពោះសេចក្ដីរាយការណ៍ដែលថា ឧត្ដមសេនីយ៍ ខាលីហ្វ ហាហ្វតារ (Khalifa Haftar) បានស្នើឱ្យរុស្ស៊ីសាងសង់មូលដ្ឋានទ័ព នៅតំបន់ភាគខាងកើតនៃប្រទេស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសាព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Mismari បានបដិសេធសេចក្ដីថ្លែងការណ៍មួយ របស់ប្រធានក្រុមទំនាក់ទំនងរុស្ស៊ីស្ដីពីលីប៊ី លោក ឡេវ ដេងហ្គូវ (Lev Dengov) ដែលបានអះអាងពីសំណើសាងសង់មូលដ្ឋានទ័ពរុស្ស៊ី របស់ Haftar នៅភាគខាងកើតនៃប្រទេស។ បន្ថែមពីលើនេះ អ្នកនាំពាក្យរូបនេះក៏បានទទួលស្គាល់ដែរថា មានការភ័ន្តច្រឡំពាក់ព័ន្ធនឹងព័ត៌មាននេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានអេហ្ស៊ីប Youm 7 លោក Dengov បាននិយាយថា លោក Khalifa Haftar បានស្នើឱ្យភាគីរុស្ស៊ីសាងសង់មូលដ្ឋានទ័ពមួយ នៅភាគខាងកើតប្រទេស។ លោក Haftar បានផ្សាភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ ជាមួយរុស្ស៊ីនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីប្រឆាំងនឹងក្រុមភេរវករ ខណៈរដ្ឋាភិបាលទីក្រុងទ្រីប៉ូលីមានសហគមន៍អន្តរជាតិគាំទ្រ៕