(វ៉ាស៊ីនតោន)៖ គោលនយោបាយនុយក្លេអ៊ែរថ្មីរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីដើមខែកុម្ភៈនេះ នឹងធ្វើឱ្យទីក្រុងវ៉ាស៊ីនតោន បាត់បង់ទម្ងន់ភូមិសាស្ត្រនយោបាយសកលលោក និងលែងក្លាយជាកំពូលមហាអំណាច ពិភពលោកតទៅទៀត។ នេះបើតាមអ្នកអង្កេតនយោបាយ លោក រ៉ូស្ទីស្លេវ អ៊ីសជិនកូ (Rostislav Ishchenko) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Ishchenko ធ្វើការសម្គាល់បែបនេះ មិនមែនគ្មានហេតុផលនោះទេ។ លោក បានបញ្ជាក់ថា សហរដ្ឋអាមេរិកតែងតែចាត់ទុកថា រុស្ស៊ីកំពុងបង្កើនឥទ្ធិពលយោធា ក៏ដូចជាធ្វើទំនើបកម្មអាវុធ ហើយរឿងបែបនេះក៏កើតឡើងដូចគ្នាលើចិន ផងដែរ ពោលគឺសហរដ្ឋអាមេរិកជារឿយៗ បានចោទប្រកាន់ទីក្រុងម៉ូស្គូ និងទីក្រុងប៉េកាំង ថាជាការគំរាមកំហែងដ៏ធំ សម្រាប់សហរដ្ឋអាមេរិក និងសណ្ដាប់ធ្នាប់អន្តរជាតិ។
ប៉ុន្តែផ្ទុយទៅវិញ តាមរយៈគោលនយោបាយនុយក្លេអ៊ែរថ្មី វាបានបង្ហាញថា សហរដ្ឋអាមេរិកខ្លួនឯងទៅវិញទេ ដែលកំពុងបង្កើនឥទ្ធិពលយោធា ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើមួយលើកជាពីរលើក ឱ្យមានការបង្កើនឃ្លាំងអាវុធនុយក្លេអ៊ែរឡើងវិញ ដើម្បីទប់ទល់នឹងគូប្រជែង ដណ្ដើមឥទ្ធិពលអាមេរិកទំាងពីរនោះគឺចិន និងរុស្ស៊ី។ លោកបន្ថែមថា សហរដ្ឋអាមេរិកអាចនឹងបាត់បង់ទំនុកចិត្តពី បណ្ដាប្រទេសជាសម្ព័ន្ធមិត្ត បើសិនជាអូសទាញប្រទេសទាំងនោះ ឱ្យប្រឈមមុខនឹងរុស្ស៊ី និងចិននៅថ្ងៃណាមួយ ដើម្បី រក្សាឥទ្ធិពលរបស់ខ្លួន។
គួរបញ្ជាក់ថា អង្គការណាតូក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក បានដាក់ពង្រាយ និងបញ្ជូនបរិក្ខាយោធា ជាពិសេសគឺ ប្រព័ន្ធខែលការពារមីស៊ីល កាន់តែច្រើនឡើងទៅកាន់បណ្ដាប្រទេសអឺរ៉ុបខាងកើត ជាប់របងជាមួយរុស្ស៊ី។ មិនតែប៉ុណ្ណោះ ក្រោមហេតុផលការគំរាមកំហែងពីសំណាក់កូរ៉េខាងជើង ក៏ធ្លាប់បានបញ្ជូនយន្ដហោះចម្បាំង និងនាវាផ្ទុកយន្ដហោះ ចម្បាំងជាច្រើនគ្រឿងមកកាន់ឧបទ្វីបកូរ៉េផងដែរ។ យ៉ាងណាក៏ដោយ សម្រាប់អ្នកជំនាញ ដូចជាលោក Rostislav Ishchenko ការធ្វើបែបនេះរបស់ទីក្រុងវ៉ាស៊ីនតោន គឺមានគោលដៅឡោមព័ទ្ធ និងកំញើញរុស្ស៊ី រួមទាំងចិនកុំឱ្យធ្វើអ្វីតាមអំពើចិត្ត៕