(អាមេរិក)៖ ផ្កាយរណប Mars Reconnaissance Orbiter (MRO) របស់ទីភ្នាក់ងារអវកាស NASA ដែលបានបន្តស្ថិតនៅក្បែរគន្លងភពអង្គារ ចាប់តាំងតែពីឆ្នាំ២០០៦ មកម្ល៉េះនោះ ត្រូវបានគេកំណត់ឲ្យស្ថិតក្នុង Standby Mode ដើម្បីបង្ការសុវត្ថិភាពកាលពីសប្តាហ៍មុន ជាការឆ្លើយតបចំពោះបញ្ហាថាមពលថ្ម ដែលមានកម្រិតទាបហួសពីការស្មាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
យានអវកាស MRO គឺទទួលថាមពលពីព្រះអាទិត្យ ប៉ុន្តែវាក៏ពឹងផ្អែកទៅលើថ្មមួយគូដែលប្រើប្រាស់នីកែល និងអ៊ីដ្រូសែនផងដែរ នៅពេលស្ថិតនៅក្នុងបរិវេណនៃស្រមោលរបស់ភពអង្គារ សម្រាប់អំឡុងពេលមួយ នៃការធ្វើដំណើរគោចរម្តងៗរបស់វាជុំវិញ Mars ដើម្បីរក្សាសុវត្ថិភាពនៃផ្កាយរណប-យាន ពីការខូចខាតទ្រង់ទ្រាយធំ។
ខណៈស្ថិតក្នុង Safe Standy Mode យាន MRO នៅបន្តធ្វើការទាក់ទងជាមួយផែនដីដដែល ហើយកំពុងរក្សាសីតុណ្ហភាព និងថាមពល នៅកម្រិតនឹងនរ និងមានសុវត្ថិភាព ប៉ុន្តែវាបានផ្អាកការឃ្លាំមើលផ្នែកវិទ្យាសាស្រ្តរបស់វា ក៏ដូចជាការដើរតួនាទីជាឧបករណ៍បញ្ជូនព័ត៌មានបន្តឲ្យយាន Mars Rover ទាំងប៉ុន្មាន ដែលនៅលើភពអង្គារ។
បើតាមមន្រ្តីនៃអង្គការ NASA ក្រុមការងារពាក់ព័ន្ធ កំពុងធ្វើការស្វែងយល់បន្ថែមពីថ្មរបស់ MRO និងវិធីសាស្រ្តផ្សេងៗ ដើម្បីផ្តល់ជម្រើសឲ្យពួកគេបន្ថែម ក្នុងការគ្រប់គ្រងចាត់ចែងលើពួកវា នាពេលអនាគត។ ម៉្យាងវិញទៀត ការដើរតួនាទីជាឧបករណ៍បញ្ជូនព័ត៌មានបន្តរបស់ MRO សម្រាប់បេសកកម្មដទៃទៀត នឹងត្រូវប្រព្រឹត្តទៅជាប្រក្រតីវិញ នៅពេលណាដែល NASA មានទំនុកចិត្តទាំងស្រុងទៅលើសុវត្ថិភាពរបស់យានអវកាស ពោលគឺទំនងជា ០១សប្តាហ៍ទៀត ហើយបន្ទាប់ពីនោះការតាមដានផ្នែកវិទ្យាសាស្រ្តរបស់វា ក៏នឹងបន្តដំណើរដូចធម្មតាវិញដែរ។
គួរជម្រាបថា ក្រោយពីបានបាញ់បង្ហោះកាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៥ ផ្កាយរណប MRO បានទៅដល់ភពអង្គារនាថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៦ ហើយទីភ្នាក់ងារអវកាស NASA គ្រោងនឹងបន្តប្រើប្រាស់វាយ៉ាងហោចណាស់ រហូតដល់ផុតឆ្នាំ២០២៥។ បច្ចុប្បន្នអង្គការ NASA មានយានរុករកចំនួនបីគ្រឿង កំពុងតែចល័តពេញភពអង្គារ និងផ្កាយរណបផ្ទេរទិន្នន័យជាច្រើនគ្រឿងទៀត ដូចជា MRO និង Maven ជាដើម៕