(ស៊ីរី)៖ ក្រុមអ្នកប្រយុទ្ធឃើដនៅភាគពាយ័ព្យប្រទេសស៊ីរីបានអះអាងថា ពួកគេបានឈានដល់កិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលស៊ីរី ហើយដែលតាមកិច្ចព្រមព្រៀងនេះ ទីក្រុងដាម៉ាស់ យល់ព្រមបញ្ជូនកងទ័ពឱ្យមកជួយពួកគេ ដើម្បីបណ្ដេញកងកម្លាំងតួកគីចេញពីទឹកដីស៊ីរី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ជុំវិញការអះអាងនេះដែរ មន្ត្រីជាន់ខ្ពស់ឃើដស៊ីរីម្នាក់ ក៏បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា កងទ័ពរដ្ឋាភិបាលស៊ីរីអាចនឹងចូលទៅក្នុងទីក្រុង Afrin នៅប៉ុន្មានថ្ងៃខាងមុខនេះ ហើយថាពួកគេអាចនឹងដាក់ពង្រាយកងទ័ព នៅតាមប៉ុស្ដិ៍ច្រកព្រំដែនមួយចំនួនផងដែរ។ ក៏ប៉ុន្តែមកទល់នឹងពេលនេះ ខាងរដ្ឋាភិបាលស៊ីរីមិនទាន់ទទួលស្គាល់ការអះអាងនេះនៅឡើយ ទេ រីឯកងទ័ពស៊ីរីក៏មិនទាន់មានវត្តមាន នៅក្នុងតំបន់ជម្លោះនោះដែរ។
គួរបញ្ជាក់ថា បើតាមក្រុមអ្នកជំនាញ បើសិនជាកិច្ចព្រមព្រៀងខាងលើពិតជាត្រូវបានធ្វើឡើងមែន នោះកងទ័ពតួកគី នឹងមិនមែនប្រឈមមុខតែជាមួយក្រុមអ្នកប្រយុទ្ធឃើដ YPG ទៀតនោះទេ តែក៏ត្រូវប្រឈមមុខផងដែរនឹងកងទ័ពស៊ីរី ដែលមានរុស្ស៊ី និងអ៊ីរ៉ង់ជាខ្នងបង្អែក៕