(អាល្លឺម៉ង់)៖ មន្រ្តីកិច្ចការទូតជាន់ខ្ពស់ចិនមួយរូបបានលើកឡើងថា ប្រទេសចិន ប្រកាន់ខ្ជាប់ជានិច្ច នូវគោលការណ៍មិនប្រើប្រាស់អាវុធនុយក្លេអ៊ែរ មុនសត្រូវនោះឡើយ ហើយទីក្រុងប៉េកាំងមានក្តីកង្វល់ជាខ្លាំង អំពីគ្រោះថ្នាក់នៃការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងក្នុងសន្និសីទផ្នែកសន្តិសុខ នៃទីក្រុងម៉ូនិច (MSC) ប្រទេសអាល្លឺម៉ង់ លោកស្រី ហ្វូ យីង (Fu Ying) មន្រ្តីទូតជើងចាស់ និងជាប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃសភាប្រជាជនចិន (NPC) បាននិយាយថា ចិននៅតែបន្តមានអាវុធនុយក្លេអ៊ែរក្នុងចំនួនតិចតួចដដែល ក្នុងឃ្លាំងផ្ទុកសព្វាវុធរបស់ខ្លួននៅក្នុងប្រទេស ហើយចិននៅតែបន្តដើរតាមគោលនយោបាយការពារខ្លួន ហើយបង្កើនការរារាំងក្នុងកម្រិតអប្បរមា។
គួរជម្រាបថា បើតាមលោកស្រី Fu ទីក្រុងប៉េកាំង ក៏កំពុងប្រកាន់ខ្ជាប់ផងដែរនូវគោលការណ៍មិនប្រើអាវុធនុយក្លេអ៊ែរមុនសត្រូវ ហើយមិនថា ក្នុងកាលៈទេសៈណាឡើយ ដែលចិននឹងប្រើប្រាស់ ឬក៏គំរាមប្រើអាវុធនុយក្លេអ៊ែរ ប្រឆាំងនឹងរដ្ឋពុំមែនមហាអំណាចនុយក្លេអ៊ែរ ឬតំបន់ដែលគ្មានសព្វាវុធនុយក្លេអ៊ែរផងដែរ។
ការធ្វើអត្ថាធិប្បាយបញ្ជាក់របស់លោកស្រី Fu Ying នៅឯវេទិកាពិភាក្សា MSC ស្តីពីបញ្ហាសន្តិសុខនៃអាវុធនុយក្លេអ៊ែរ បានកើតមានឡើងស្របពេលដែលអ្នកចូលរួមមួយចំនួន បានបង្ហាញពីក្តីព្រួយបារម្ភរបស់ពួកគេ ជុំវិញការរីករាលដាលនៃការអភិវឌ្ឍអាវុធនុយក្លេអ៊ែរនាពេលសព្វថ្ងៃនេះ៕