ជាប់គាំងកន្ត្រកយោងដ៏ពេញនិយមនៅម៉ាឡេស៊ី ០៥ម៉ោង នាំឲ្យមនុស្សរាប់រយនាក់កកដំណើរ!
19-02-2018 09:59
(គូឡាឡាំពួរ)៖ មនុស្សជាង ៨០នាក់ បានជាប់នៅក្នុងយានកន្រ្តកខ្សែកាប ខណៈរាប់រយនាក់ផ្សេងទៀត បានជាប់គាំងទៅណាពុំរួច អស់រយៈពេលជាច្រើនម៉ោង ដោយសារតែបញ្ហាគាំងដំណើរការ នៅកោះទេសចរណ៍ ឡាំងកាវី (Langkawi) ភាគខាងជើង ប្រទេសម៉ាឡេស៊ី កាលពីយប់ថ្ងៃអាទិត្យ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រុមការងារបច្ចេកទេស បានចំណាយពេលប្រមាណ ០៥ម៉ោង ទើបអាចដោះស្រាយការគាំងដំណើរការខាងលើបាន ដើម្បីនាំយកភ្ញៀវទេសចរសរុបចំនួន ៩៦០នាក់ ព្រមទាំងបុគ្គលិក ៧៨នាក់ មកស្ថានីយធំវិញ នៅមុនពាក់កណ្តាលយប់មិញ។
គួរជម្រាបថា បញ្ហាខាងលើនេះបានកើតមានឡើង នៅលើបណ្តាញយានកន្រ្តកខ្សែកាប សម្រាប់ជិះកម្សាន្ត ដែលមានប្រវែង ២.២គីឡូម៉ែត្រ ដោយស្ថានីយខាងលើរបស់វា ស្ថិតនៅកម្ពស់ ៧០៨ម៉ែត្រ ពីលើកម្រិតនីវ៉ូទឹកសមុទ្រ៕