(វ៉ាស៊ីនតោន)៖ អតីតនាយកទីភ្នាក់ងារស៊ើបការណ៍សំងាត់អាមេរិក CIA លោក ចេមស៍ វូលសី (James Woolsey) បាននិយាយថា ការលូកដៃរបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការបោះឆ្នោត នៃបណ្ដាប្រទេសដទៃ ធ្វើឡើងក្នុងហេតុផលល្អតែមួយគត់នោះ គឺដើម្បីផលប្រយោជន៍ នៃលិទ្ធិប្រជាធិបតេយ្យ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក James Woolsey ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសម្ភាសន៍មួយតាមកញ្ចាក់ទូរទស្សន៍ Fox News កាលពីចុងសប្ដាហ៍កន្លងទៅ និងនៅចំពេលដែលទីក្រុងវ៉ាស៊ីនតោនខ្លួនឯងកំពុងចោទរុស្ស៊ីថា បានជ្រៀតជ្រែកក្នុងកិច្ចការបោះឆ្នោតអាមេរិក កាលពីឆ្នាំ២០១៦។ ជាមួយគ្នានោះ នៅពេលគេសួរពីការជ្រៀតជ្រែតរបស់សហរដ្ឋអាមេរិក ក្នុងកិច្ចការបោះឆ្នោតប្រទេសដទៃអតីតនាយក CIA រូបនេះបានគូសបញ្ជាក់ដូច្នេះថា «វាអាចទៅរួច ប៉ុន្តែវាធ្វើឡើងក្នុងចេតនាល្អ ដើម្បីបញ្ជៀសឥទ្ធិពលលិទ្ធិកុម្មុយនីស្ដតែប៉ុណ្ណោះ»។
គួរបញ្ជាក់ថា លោក James Woolsey គឺជាអតីតនាយក CIA ក្រោមរដ្ឋបាលអតីតប្រធានាធិបតីអាមេរិក លោក Bill Clinton ហើយការលើកឡើងរបស់លោកកើតមានឡើង បន្ទាប់ពីជនជាតិរុស្ស៊ី ១៣នាក់ ត្រូវបានចោទប្រកាន់ពីបទជ្រៀត ជ្រែកក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីឆ្នាំ២០១៦៕