(កង់បេរ៉ា)៖ អាជ្ញាធរតាមដានអាកាសធាតុរបស់អូស្ត្រាលី បានចេញសេចក្តីព្រមានមួយនៅថ្ងៃអាទិត្យនេះថា ព្យុះទីហ្វុង Kelvin បាន និងកំពុងតែបង្កការខូចខាតយ៉ាងដំណំ នៅក្នុងតំបន់ភាគខាងលិចអូស្ត្រាលី ដែលចាប់ផ្តើមតាំងតែពីព្រឹកថ្ងៃអាទិត្យនេះ ក្រោមសញ្ញាប្រកាសអាសន្នកម្រិតពណ៌ក្រហម។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
អាជ្ញាធរអូស្ត្រាលីបានបន្តទៀតថា ព្យុះត្រូពិកស៊ីក្លូនខាងលើនេះ បានបង្កការបាក់ដី នៅភាគខាងលិចអូស្ត្រាលី ជាមួយនឹងល្បឿនខ្យល់ ២៥០គីឡូម៉ែត្រក្នុងមួយម៉ោង លាយឡំនឹងភ្លៀងធ្លាក់យ៉ាងគំហុក។ នាយកដ្ឋានពន្លត់អគ្គីភ័យ និងដោះស្រាយគ្រាអាសន្ននៅភាគខាងលិច ត្រូវបានបញ្ជាឲ្យប្រុងជើងការ និងចេញជួយសង្គ្រោះប្រជាជនភ្លាមៗនៅពេលទទួលព័ត៌មានពីការរងគ្រោះណាមួយ។
គួរបញ្ជាក់ថា ភ្លាមៗបែបនេះ ពុំទាន់មានសេចក្តីរាយការណ៍ណាមួយ អំពីមនុស្សរងគ្រោះនោះឡើយ ប៉ុន្តែសម្រាប់ល្បឿនខ្យល់លឿនបែបនេះ នឹងអាចបង្កឲ្យមនុស្សរងគ្រោះ ព្រមទាំងការខូចខាតជាមិនខាន៕