BREAKING NEWS: ដូណាល់ ត្រាំ «ព្រលះ FBI ជុំវិញករណីបាញ់សម្លាប់មនុស្ស ១៧នាក់ នៅផ្លូរីដា» និងការចំណាយពេលច្រើនហួស ទៅស៊ើបអង្កេតរឿងរុស្ស៊ី លូកលាន់ការបោះឆ្នោត!
18-02-2018 12:02
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នាចុងសប្តាហ៍នេះបានចេញមុខរិះគន់ធ្ងន់ៗ ចំពោះការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ជុំវិញការធ្វេសប្រហែសការងារ នាំឲ្យកើតមានករណីបាញ់ប្រហារសាលារៀនក្នុងរដ្ឋផ្លូរីដា ដែលបានសម្លាប់ជីវិតប្រជាជនស្លូតត្រង់ ១៧នាក់។ នេះបើតាមការចេញផ្សាយព័ត៌មាននៅមុននេះបន្តិចដោយ BBC នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
បន្ថែមពីការរិះគន់ខាងលើនេះ លោក ដូណាល់ ត្រាំ ក៏បាននិយាយបន្ថែមទៀតថា «ស្ថាប័នកំពូលមួយនេះ ដូចជាចំណាយពេលច្រើនពេកហើយ នៅក្នុងស៊ើបអង្កេតទំនាក់ទំនងរវាងលោក និងរុស្ស៊ី» បន្ទាប់ពីក្រុមរដ្ឋអាជ្ញាពិសេស សម្រេចចោទប្រកាន់ជនជាតិរុស្ស៊ី ១៣នាក់ និងក្រុមហ៊ុនរុស្ស៊ីចំនួន ០៣ មានមូលដ្ឋាននៅប្រទេសរុស្ស៊ី ថាមានជាប់ពាក់ព័ន្ធការលូកលាន់ការបោះឆ្នោតប្រធានាធិបតីអាមេរិក កាលពីចុងឆ្នាំ២០១៦។
គួរបញ្ជាក់ថា ករណីបាញ់ប្រហារនៅផ្លូរីដា កាលពីថ្ងៃទី១៤ ខែកុម្ភៈនោះ គឺជាប្រើប្រាស់អាវុធសម្លាប់រង្គាលជីវិតមនុស្សច្រើនបំផុត ប្រចាំដើមឆ្នាំ២០១៨ ហើយក៏ជាភាពអវិជ្ជមានកើនឡើងកាន់តែខ្លាំង សម្រាប់រដ្ឋបាល លោក ដូណាល់ ត្រាំ ដែលហាក់មិនអើពើនឹងការរឹតបន្តឹងការប្រើប្រាស់អាវុធ យ៉ាងអាណាធិបតេយ្យ នៅសហរដ្ឋអាមេរិកទាល់តែសោះ៕