(អាមេរិក)៖ ពេលនេះកែវយឺតអវកាស TESS របស់អង្គការ NASA ដែលមានតួនាទីប្រមាញ់ និងវិភាគទៅលើភពអេលៀនរាប់ពាន់រាប់ម៉ឺនភព ត្រូវបានបញ្ជូនទៅដល់ទីកន្លែងបាញ់បង្ហោះ នៃមជ្ឈមណ្ឌលអវកាស Kennedy ក្នុងរដ្ឋផ្លូរីដាហើយ។ នេះបើតាមការចេញផ្សាយដោយ Florida Today នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
បើនិយាយឲ្យជាក់ស្តែងទៅ TESS ឬកែវយឺតអវកាស-ផ្កាយរណប មានតួនាទីអង្កេតឲ្យដឹងច្បាស់ថា ភពចំនួនរាប់ពាន់រាប់ម៉ឺន ដែលកែវយឺតអវកាសមុនៗមិនអាចអង្កេតបាន ហើយវានឹងគណនាឲ្យដឹងថា ពិតជាមានវត្តមានភពគោចរនៅជុំវិញផ្កាយភ្លឺៗ និងកម្រិតតូចទាំងនោះមែន ទើបភពទាំងអស់នោះ អាចក្លាយជាភពផ្លូវការ ដែលត្រូវបានរកឃើញ និងត្រូវកត់ចូលក្នុងបញ្ជីតែម្តង។
បន្ថែមពីនេះទៀត TESS នឹងមានតួនាទីអង្កេតផ្ទៃមេឃ ឲ្យបានទូលំទូលាយ ៣៥០ដង ធំជាងអ្វីដែលកែវយឺតអវកាស NASA និង K2 របស់អង្គការ NASA ធ្លាប់ធ្វើ ដែលកាលណោះ គឺបានរកឃើញភពចម្បងៗចំនួន ២,៥០០ភពឯណោះ។ TESS នឹងត្រៀមខ្លួនហោះទៅទីអវកាស ដោយប្រើប្រាស់គ្រាប់រ៉ុក្កែត SpaceX Falcon 9 ដែលត្រូវបានពន្យាពេលរួចម្តងហើយ។
បើតាមការរំពឹងទុក TESS នឹងធ្វើការអង្កេត និងដាក់ឈ្មោះភពប្រមាណជាង ២០,០០០ភពទៀត ហើយតេឡេស្កូបលើផែនដី នឹងធ្វើការវិភាគបន្តក្រោយទទួលបានទិន្នន័យបឋមពី TESS។ សម្រាប់ការបាញ់បង្ហោះ អាចនឹងធ្វើឡើងនៅឯមូលដ្ឋានទ័ពអាកាស Cape Canaveral នៅថ្ងៃទី២០ ខែមីនា ខាងមុខនេះហើយ ប៉ុន្តែការពន្យាពេលយ៉ាងណាទៀតនោះ គឺអាស្រ័យលើការពិភាក្សារវាង NASA និង SpaceX៕