(ម៉ិចស៊ីកូ)៖ ព័ត៌មានទើបចេញផ្សាយបន្ថែម នៅមុននេះបានឲ្យដឹងថា ឧទ្ធម្ភាគចក្រដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ិចស៊ីកូ និងអភិបាលរដ្ឋរងគ្រោះរញ្ជួយដីជិះនោះ បានធ្លាក់ចំលើទីកន្លែងដែលមានប្រជាជនឈរត្រៀបត្រា បណ្តាលឲ្យមនុស្ស១៣នាក់ស្លាប់ និង១៥នាក់រងរបួស ប៉ុន្តែមន្ត្រីជាន់ខ្ពស់ទាំងពីររូប គឺមានសុវត្ថិភាពជាធម្មតា។ នេះបើតាមការដកស្រង់ព័ត៌មានពី The Guardian នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
មន្ត្រីប្រចាំរដ្ឋ Oaxaca បានអះអាងថា ស្ត្រី០៥នាក់, បុរស០៤នាក់ និងក្មេងៗ០៣នាក់ គឺស្ថិតនៅក្នុងចំណោមអ្នកបាត់បង់ជីវិត ខណៈមនុស្សម្នាក់ទៀតបានស្លាប់ពេលបញ្ជូលទៅដល់មន្ទីរពេទ្យ។ អ្នកស្លាប់ទាំងអស់ គឺជាប្រជាជនដែលនៅលើដី ហើយដោយឡែកអ្នកនៅលើឧទ្ធម្ភាគចក្រទាំងអស់ គឺមិនមាននរណាបាត់បង់ជីវិតឡើយ។
គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រមួយគ្រឿងខាងលើនេះ បានដឹកមន្ត្រីជាន់ខ្ពស់ទាំងពីររូប គឺរដ្ឋមន្ត្រីមហាផ្ទៃ លោក Alfonso Navarrete និង អភិបាលរដ្ឋ Oaxaca លោក Alejandro Murat បានធ្លាក់ ប៉ុន្តែអ្នកទាំងពីរអាចរួចរស់ជីវិត ហើយភ្លាមៗសារព័ត៌មានបានផ្សាយថា មានតែមនុស្សពីរនាក់ប៉ុណ្ណោះបានស្លាប់។ មន្ត្រីជាន់ទាំងពីររូប បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដើម្បីពិនិត្យមើលការខូចខាតនានា ក្រោយគ្រោះរញ្ជួយដ៏កក្រើក នៅតំបន់ភាគខាងត្បូងប្រទេស កម្រិតរហូតដល់៧.២រ៉ិចទ័រ៕