(ម៉ិចស៊ីកូស៊ីធី)៖ ជាសំណាងល្អ ដែលពុំមានមនុស្សណាម្នាក់រងរបួសធ្ងន់ ឬបាត់បង់ជីវិតនៅក្នុងគ្រោះរញ្ជួយដីកម្រិត ៧.២រ៉ិចទ័រ ដែលបានវាយប្រហារតំបន់ឆ្នេរភាគខាងត្បូងប្រទេសម៉ិចស៊ីកូ ប៉ុន្តែនៅក្នុងនោះអគារលំនៅឋានប្រមាណជាង ២០០ខ្នង ត្រូវបានគ្រោះរញ្ជួយដីដ៏កក្រើកនេះ បង្កឲ្យខូចខាតពីតិចទៅមធ្យម។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមអាជ្ញាធរមិចស៊ីកូ ប្រជាជននៅតាមបណ្តារដ្ឋជុំវិញតំបន់រងគ្រោះរញ្ជួយដី យ៉ាងហោចណាស់ ៤២លាននាក់ បានទទួលដឹង និងភ័យរន្ធត់ចំពោះបាតុភូតធម្មជាតិកាលពីថ្ងៃសុក្រកន្លងទៅនេះ (ពេលវេលានៅអាមេរិកខាងជើង) ហើយប្រជាជននៅតំបន់ទីក្រុង និងតំបន់ប្រជុំជននានា បានចេញមកឈរនៅតាមទីវាល និងដងផ្លូវ ដើម្បីសុវត្ថិភាព ព្រោះតែរយៈពេល ៦០វិនាទី នៃការញ័ររញ្ជួយនោះ បានធ្វើឲ្យអគារ លំនៅឋាន និងតូបលក់ទំនិញនានា ញ័រទទ្រើកទៅតាមនោះដែរ។
បើតាមទីភ្នាក់ងារតាមដានរញ្ជួយដី និងផលប៉ះពាល់របស់ម៉ិចស៊ីកូ (UNAM) តំបន់ជុំវិញចំណុចរំញ័រ ដែលស្ថិតនៅចម្ងាយតែ ១០គីឡូម៉ែត្រពីក្រុង Pinotepa នៃ Oaxaca ភាគខាងត្បូងប្រទេសអាមេរិកខាងជើងមួយនេះ។ សម្រាប់បណ្តារដ្ឋដែលរងឥទ្ធិពល នៃរំញ័រខាងលើនេះមានដូចជា Chiapas, Guerrero, Michoacan, Puebla និង Mexico ប៉ុន្តែពុំមានសេចក្តីរាយការណ៍ណាមួយ ពីមនុស្សរងគ្រោះធ្ងន់ធ្ងរ ឬក៏ស្លាប់នោះឡើយ។
គួរបញ្ជាក់ថា ថ្វីត្បិតតែគ្រោះរញ្ជួយដី មិនបានបង្កឲ្យមនុស្សបាត់ជីវិតប្រាកដមែន ប៉ុន្តែកាលពីយប់ថ្ងៃសុក្រ ក្រោយកើតហេតុរញ្ជួយដីប៉ុន្មានម៉ោងនោះ ឧទ្ធម្ភាគចក្រមួយគ្រឿង ដឹកមន្ត្រីជាន់ខ្ពស់ទាំងពីររូប គឺរដ្ឋមន្ត្រីមហាផ្ទៃ លោក Alfonso Navarrete និង អភិបាលរដ្ឋ Oaxaca លោក Alejandro Murat បានធ្លាក់ ប៉ុន្តែអ្នកទាំងពីរអាចរួចរស់ជីវិត ដោយអ្នកស្លាប់ចំនួនពីរនាក់ គឺជាប្រជាជននៅលើដីតែម្តង។
ក្រោយការធ្លាក់នោះ លោករដ្ឋមន្ត្រីបានបង្ហោះនៅក្នុងបណ្តាញ twitter របស់លោកថា «ពិតជារឿងអកុសល្យណាស់ ដែលមនុស្សពីរនាក់នៅលើដី បានបាត់បង់ជីវិតរបស់ពួកគេ» នៅក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក។ គួរបញ្ជាក់ថា មន្ត្រីជាន់ទាំងពីររូប បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដើម្បីពិនិត្យមើលការខូចខាតនានា ក្រោយគ្រោះរញ្ជួយដ៏កក្រើក នៅតំបន់ភាគខាងត្បូងប្រទេស៕