(ការ៉ាកាស់)៖ រដ្ឋាភិបាលនៃលោកប្រធានាធិបតីវេណេស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ បានប្រកាសថា ខ្លួននឹងរៀបចំធ្វើសមយុទ្ធយោធាដ៏កក្រើកមួយ ដើម្បីត្រៀមការពារប្រទេសជាតិរបស់លោក ក្នុងពេលដែលការបោះឆ្នោតជិតមកដល់ និងខណៈដែលទណ្ឌកម្មអាមេរិក កំពុងតែគ្របដណ្តប់លើប្រទេសអាមេរិកខាងត្បូងមួយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នាព្រឹកថ្ងៃអាទិត្យ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក ម៉ាឌូរ៉ូ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំបានណែនាំឲ្យកងកម្លាំងទ័ពជាតិ (FANB) ធ្វើការរៀបចំសមយុទ្ធយោធាក្នុងន័យការងារខ្លួន ដើម្បីការពារអធិបតេយ្យភាពជាតិរបស់យើង ដែលមានឈ្មោះថា សមយុទ្ធយោធាឯករាជ្យឆ្នាំ២០១៨ ដែលនឹងប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ទី២៥ ខែកុម្ភៈ ខាងមុខនេះ»។
គួរបញ្ជាក់ផងដែរថា នៅក្នុងសមយុទ្ធយោធាខាងមុខនេះ លោក ម៉ាឌូរ៉ូ បានបញ្ជាឲ្យមានការចល័តទ័ព រួមទាំងរថក្រោះ គ្រាប់មីស៊ីល យន្តហោះចម្បាំង និងឧទ្ធម្ភាគចក្រជាដើម ដើម្បីសម្តែងនូវអានុភាព នៅក្នុងន័យត្រៀមខ្លួនការពារដួងព្រលឹងរបស់ជាតិ។ លោក ម៉ាឌូរ៉ូ ក៏បានសង្កត់ធ្ងន់ផងដែរថា ប្រទេសជាតិត្រូវការការរួបរួមគ្នារវាងសព្វាវុធ កម្លាំងយោធា និងប្រជាជនទាំងអស់៕