(វ៉ាស៊ីនតោន)៖ រូបភាពដែលត្រូវបានចេញផ្សាយដោយ ក្រុមការងារសិក្សាពីវត្ថុអវកាស និងអាចម៍ផ្កាយរបស់អង្គការ NASA ទើបតែបានបញ្ចេញរូបភាពថ្មីបំផុតមួយ ដែលរូបថតនេះបើមិនប្រាប់ទេ គឺយើងពិតជាពិបាកស្មានដឹងថា វាជាអ្វីឲ្យប្រាកដណាស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពី Space.com នាល្ងាចថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ជាក់ស្តែងរូបភាពដែលអាចចាត់ទុកជារូបកម្របំផុតមួយនេះ គឺត្រូវបានថតដោយផ្កាយរណបអវកាសរបស់ NASA ដែលមានឈ្មោះថា OSIRIS-REx និងត្រូវបានបាញ់បង្ហោះទៅអង្កេតអាចម៍ផ្កាយដ៏គ្រោះថ្នាក់មួយ។ រូបភាពនេះត្រូវបានថតកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨ ក្នុងរយៈចម្ងាយ ៦៣.៧លានីឡូម៉ែត្រ បង្ហាញអំពីចំណុចភ្លឺៗចំនួនពីរ នៅជិតគ្នា ដែលមួយមានទំហំធំ និងមួយទៀតនៅក្បែរនោះតូចជាង។
សម្រាប់ចម្ងាយ ៦៣.៧លានគីឡូម៉ែត្របែបនេះ គឺយើងអាចចាត់ទុកថា ប្រហាក់ប្រហែលនឹងចម្ងាយជាមធ្យមរវាងភពសុក្រ និងផែនដីទៅហើយ ដោយភពសុក្រនៅជិតផែនដីបំផុត គឺ ៣៨លានគីឡូម៉ែត្រ និងឆ្ងាយបំផុត ២៦១លានគីឡូម៉ែត្រ ហើយយើងក៏អាចច្រឡំថា ផែនដី និងព្រះច័ន្ទក្នុងរូបនេះ គឺជាផ្កាយភ្លោះផងដែរ ក្នុងករណីមើលដោយភ្នែកទទេ ដោយ មិនខុសពីយើងមើលឃើញភពសុក្រ ឬអង្គារ នៅលើមេឃរបស់ផែនដីនោះឡើយ។
ចំពោះផ្កាយរណប OSIRIS-REx ដែលជាអ្នកថតរូបនេះវិញ គឺកំពុងតែធ្វើដំណើរកាន់តែឆ្ងាយពីភពផែនដី ក្នុងល្បឿន ៣០,៦០០គីឡូម៉ែត្រក្នុងមួយម៉ោង ហើយវាបានប្រើប្រាស់កាមេរ៉ាចង្អុលទិសរបស់វា ដើម្បីថតរូបខាងលើនេះ ហើយបាញ់បញ្ជូនមកកាន់ភពផែនដីវិញ។ នេះមិនមែនជារឿងចៃដន្យនោះឡើយ ដោយការថតរូបភាពនេះ ក៏ជាផ្នែកមួយនៃការធ្វើតេស្តវិស្វកម្ម នៃយាន-ផ្កាយរណបនោះផងដែរ។
គួរបញ្ជាក់បន្ថែមទៀតថា OSIRIS-REx មានតម្លៃ ៨០០លានដុល្លារអាមេរិក ត្រូវបានបាញ់បង្ហោះចេញពីភពផែនដី កាលពីខែកញ្ញា ឆ្នាំ២០១៦។ ផ្កាយរណប និងជាយានរុករកអវកាសមួយផងដែរនេះ មានតួនាទីធ្វើដំណើរទៅកាន់អាចម៍ផ្កាយ Bennu ដោយប្រើពេល ០៤ឆ្នាំគិតចាប់ពីថ្ងៃបាញ់ ដើម្បីច្រឹបយកគំរូតាងពីអាចម៍ផ្កាយនោះ នៅអំឡុងខែកក្កដា ឆ្នាំ២០២០ រួចត្រឡប់មកធ្វើការសិក្សានៅលើផែនដីវិញ។
អាចម៍ផ្កាយ Bennu អាចមានផ្ទុកភស្តុតាងណាមួយ ដែលអាចឲ្យអ្នកវិទ្យាសាស្ត្រធ្វើការសិក្សា ដើម្បីបានដឹងអំពីប្រភពដើម នៃជីវិតលើភពផែនដីនេះ ហើយវាក៏នឹងជាគំរូតាងដ៏សំខាន់មួយ ដែលអាចបំបែកចម្ងល់ដ៏ធំបំផុតមួយនេះផងដែរ។ បន្ថែមពីនេះទៀត វាក៏ជាបេសកកម្មទីមួយ ដែលអាចឲ្យ NASA បង្កើនសមត្ថភាពខ្លួនឯង សម្រាប់បំពេញបេសកកម្មរុករក អាចម៍ផ្កាយផ្សេងៗទៀតនៅថ្ងៃអនាគត៕