(ម៉ិចស៊ីកូស៊ីធី)៖ ឧទ្ធម្ភាគចក្រមួយគ្រឿង ដឹករដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ិចស៊ីកូ និងអភិបាលរដ្ឋ Oaxaca បានធ្លាក់នៅយប់ថ្ងៃសុក្រ (ម៉ោងនៅអាមេរិកខាងជើង) បានធ្លាក់ បណ្តាលឲ្យមនុស្សចំនួនពីរនាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
បើតាមការបញ្ជាក់ពីមន្ត្រីនៅកន្លែងកើតហេតុ ដែលស្ថិតនៅតំបន់ Pinotepa ទីក្រុងជាប់ឆ្នេរសមុទ្រ ដែលមានចម្ងាយ ១១គីឡូម៉ែត្រ ពីចំណុចញ័ររញ្ជួយដី ៧.២រ៉ិចទ័រនោះបានឲ្យដឹងថា មន្ត្រីជាន់ខ្ពស់ទាំងពីររូប គឺរដ្ឋមន្ត្រីមហាផ្ទៃ លោក Alfonso Navarrete និង អភិបាលរដ្ឋ Oaxaca លោក Alejandro Murat អាចរួចរស់ជីវិត ដោយអ្នកស្លាប់ទាំងពីររូប គឺជាប្រជាជននៅលើដីតែម្តង។
ក្រោយការធ្លាក់នោះ លោករដ្ឋមន្ត្រីបានបង្ហោះនៅក្នុងបណ្តាញ twitter របស់លោកថា «ពិតជារឿងអកុសល្យណាស់ ដែលមនុស្សពីរនាក់នៅលើដី បានបាត់បង់ជីវិតរបស់ពួកគេ» នៅក្នុងករណីធ្លាក់ឧទ្ធម្ភាគចក្ររបស់លោក។ គួរបញ្ជាក់ថា មន្ត្រីជាន់ទាំងពីររូប បានធ្វើដំណើរទៅកាន់តំបន់រងគ្រោះ ដើម្បីពិនិត្យមើលការខូចខាតនានា ក្រោយគ្រោះរញ្ជួយដ៏កក្រើក នៅតំបន់ភាគខាងត្បូងប្រទេស៕