(វ៉ាស៊ីនតោន)៖ អតីតអភិបាលរដ្ឋ Massachusetts លោក Mitt Romney ដែលតែងតែរិះគន់ លោកប្រធានាធិបតី ដូណាល់ ត្រាំ ជាញឹកញាប់នោះ នឹងឈរឈ្មោះ សម្រាប់ការបោះឆ្នោតព្រឹទ្ធសភា នៅក្នុងរដ្ឋ Utah, នេះបើយោងតាមសារព័ត៌មាន CNBC ចុះផ្សាយឲ្យដឹង នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។
លោក Romney បានប្រកាសថា «ខ្ញុំបានសម្រេចចិត្ត ដើម្បីឈរឈ្មោះសម្រាប់ការបោះឆ្នោតព្រឹទ្ធសភាសហរដ្ឋអាមេរិក ដោយសារតែខ្ញុំជឿជាក់ថា ខ្ញុំអាចនាំយកគុណតម្លៃ និងបទពិសោធន៍របស់រដ្ឋ Utah ឲ្យទៅរដ្ឋាភិបាលទីក្រុង Washington»។ លោកបន្ថែមថា «រដ្ឋ Utah គឺមានភាពល្អប្រសើរ សម្រាប់រដ្ឋាភិបាលទីក្រុង Washington ជាងរដ្ឋាភិបាលទីក្រុង Washington សម្រាប់រដ្ឋ Utah»។
លោក Romney មានបំណងជំនួសលោក Orrin Hatch វ័យ ៨៣ឆ្នាំ នៅក្នុងការបោះឆ្នោត ដែលនឹងធ្វើឡើងនៅខែវិច្ឆិកា ខាងមុខនេះ។ សមាជិកព្រឹទ្ធសភា ចាស់វស្សា លោក Orrin Hatch បានប្រកាសចូលនិវត្តន៍ កាលពីខែមករាកន្លងទៅ បើទោះបីជាលោក Trump ជម្រុញឲ្យលោកឈរឈ្មោះម្តងទៀតក្តី។
លោក Romney វ័យ ៧០ឆ្នាំ មានឱកាសច្រើន ក្នុងការឈ្នះកៅអី នាការបោះឆ្នោតចុងឆ្នាំនេះ ដោយសារតែកេរ្តិ៍ឈ្មោះរបស់លោក ត្រូវបានគេទទួលស្គាល់ច្រើន និងមានប្រជាប្រិយភាពនៅក្នុងរដ្ឋមួយនេះ។
គួរជម្រាបថា មុនពេលចូលប្រឡូកនយោបាយ, លោក Romney បានដឹកនាំក្រុមហ៊ុនវិនិយោគ Bain Capital។ បន្ទាប់ពីមានតួនាទី នៅក្នុងការរៀបចំ ព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា នារដ្ឋ Utah កាលពីឆ្នាំ២០០២, លោកបានកាន់តួនាទី ជាអភិបាលរដ្ឋ Massachusetts ចាប់ពីឆ្នាំ២០០៣ ដល់ឆ្នាំ២០០៧៕