(ម៉ិចស៊ីកូស៊ីធី)៖ រំញ័រដីដែលមានកម្រិត ៥.៨រ៉ិចទ័រ បានកើតមានឡើងនៅរយៈពេល ១ម៉ោង ក្រោយពីគ្រោះរញ្ជួយដី ដ៏កក្រើក ៧.៥រ៉ិចទ័រ (ទីភ្នាក់ងារ USGS អាមេរិក ទម្លាក់មកនៅត្រឹម ៧.២រ៉ិចទ័រ) បានវាយប្រហារភាគខាងត្បូង ប្រទេសម៉ិចស៊ីកូ និងនាំឲ្យរដ្ឋធានីម៉ិចស៊ីកូស៊ីធីទាំងមូល រងគ្រោះដោយរំញ័រនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
រហូតមកទល់នឹងពេលនេះ ទំហំនៃការខូចខាត ឬក៏ចំនួនមនុស្សរងគ្រោះ នៅមិនទាន់មានការបញ្ជាក់នោះឡើយ ប៉ុន្តែអាជ្ញាធរម៉ិចស៊ីកូបានអះអាងថា ខ្លួនកំពុងតែធ្វើការត្រួតពិនិត្យ ចំពោះផលប៉ះពាល់នានា ដែលអាចកើតមានឡើង។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើនេះ បានកើតមានឡើងនៅចំណុចមួយ ដែលស្ថិតនៅចម្ងាយ ៤គីឡូម៉ែត្រ ពីតំបន់ Pinotepa de Don Luiss នៃភាគខាងត្បូងប្រទេស ដែលមានជម្រៅញ័ររញ្ជួយប្រមាណជា ១០គីឡូម៉ែត្រពីក្នុងដី។
គួរបញ្ជាក់ថា នៅអំឡុងនៃគ្រោះរញ្ជួយដីនេះ កណ្តឹងប្រកាសអាសន្នត្រូវបានបន្លឺឡើង ពាសពេញរដ្ឋធានីម៉ិចស៊ីកូ ទើបបង្ខំឲ្យប្រជាជននៅតាមអគារតូចធំ ចេញមកឈរនៅទីវាល និងតាមដងផ្លូវ ដើម្បីសុវត្ថិភាព។ កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំមុន និងកាលពីរយៈពេល ១៩ឆ្នាំមុននោះ គ្រោះរញ្ជួយដី ៨.២រ៉ិចទ័រ និង ៧.១រ៉ិចទ័រ បានវាយប្រហារម៉ិចស៊ីកូ រួមទាំងរដ្ឋធានី នៃប្រទេសអាមេរិកខាងជើងមួយនេះផងដែរ បានផ្តាច់ជីវិតមនុស្សសរុប ៤៧១នាក់ និងបំផ្លាញលំនៅឋាន ១៨០,០០០ខ្នងឯណោះ ក្នុងរដ្ឋចំនួន ៨៕