(អាមេរិក)៖ វារឿងដ៏ល្អ និងសាកសមមួយ ដែលអង្គការ NASA គ្រោងធ្វើការបញ្ជូនបំនែកនៃដុំថ្មភពអង្គារ ដែលបានខ្ទាតមកធ្លាក់លើភពផែនដី កាលពីរាប់ពាន់លានឆ្នាំមុននោះ ត្រឡប់ទៅកាន់ប្រភពដើមវិញ នោះគឺភពព្រះអង្គារផ្ទាល់តែម្តង ដោយប្រើប្រាស់យានរុករកមួយគ្រឿង ដែល NASA គ្រោងបាញ់បង្ហោះ នៅអំឡុងទសវត្សរ៍ឆ្នាំ២០២០។ នេះបើតាមការដកស្រង់ការផ្សាយពី Space.com នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
បំណែកភពអង្គារដែលត្រូវបានឲ្យឈ្មោះថា SaU008 ត្រូវបានរកឃើញនៅក្នុងប្រទេសអូម៉ង់ នៃតំបន់អាហ្វ្រិកខាងកើត កាលពីឆ្នាំ១៩៩៩ ដែលក្រោយមកត្រូវបានគេពិនិត្យឃើញ និងជឿជាក់ថា វាមានប្រភពមកពីភពអង្គារ។ អ្នកវិទ្យាសាស្ត្រ នៃមន្ទីរពិសោធន៍ JPL របស់ NASA បានអះអាងថា ភពអង្គារប្រហែលជាត្រូវបានវត្ថុអវកាសធំមួយ (អាចជាអាចម៍ផ្កាយ) ប៉ះទង្គិចពេញមួយទំហឹង កាលពីរាប់ពាន់លានឆ្នាំមុន ធ្វើឲ្យបំណែករបស់ភពក្រហមនោះ អណ្តែតពាសពេញប្រព័ន្ធព្រះអាទិត្យ និងបានធ្លាក់មកលើផែនដីផងដែរ។
ប្រការហេតុខាងលើនេះ ក៏ជាកត្តាចម្បងមួយ ដែលនាំឲ្យអ្នកវិទ្យាសាស្ត្រអាចសន្និដ្ឋាន បានថែមមួយកម្រិតទៀតថា ភពអង្គារទំនងអាចបានបាត់បង់បរិយាកាស និងទឹកដែលអាចទ្រទ្រង់ជីវិត នៅអំឡុងនៃការប៉ះទង្គិចនោះ ប៉ុន្តែវាត្រូវការសិក្សាបន្ថែមទៀត ទើបអាចបានដឹងពីភាពជាក់ច្បាស់។ ដូច្នេះមានតែរង់ចាំយានថ្មីរបស់ NASA នៅឆ្នាំ២០២០ តែប៉ុណ្ណោះទើបចម្ងល់នានា ត្រូវបានលាតត្រដាង។
សម្រាប់យានរុករក Mars 2020 Rover នឹងត្រូវបាញ់បង្ហោះតែពីរឆ្នាំខាងមុខទៀតនេះ នឹងធ្វើការសិក្សាបន្ថែម អំពីអតីតកាលរបស់ភពអង្គការ ដើម្បីឲ្យបានដឹងច្បាស់ថា តើវាពិតមែនដែរ ឬទេថា ភពអង្គារធ្លាប់មានបរិយាកាសក្រាស់ ទឹកហូរពាសពេញផ្ទៃភព និងសូម្បីតែជីវិតក៏ទម្រង់ណាមួយ ក៏អាចថាបានដែរ។
គួរបញ្ជាក់ថា សម្រាប់បំនែកភពអង្គារខាងលើនេះ គឺគ្រាន់តែជាផ្នែកមួយតូចប៉ុណ្ណោះ ដែលត្រូវផ្ទុកនៅក្នុងយាន Mars 2020 Rover ទៅកាន់ភពអង្គារវិញ ដែលត្រូវការពេលជិះយានយ៉ាងហោចណាស់ ៧ខែ ឆ្លងកាត់ទីអវកាស ទើបទៅដល់ទីនោះ។ យ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្ត្រ នៅតែត្រូវការពេលសិក្សាបន្ថែម ដើម្បីឲ្យបានដឹងថា SaU008 ពិតជាមានប្រភពមកពីភពអង្គារយ៉ាងប្រាកដ ដោយគេនឹងធ្វើការប្រៀបធៀបវានឹងដុំថ្មពិត ដែលមាននៅលើភពអង្គារផ្ទាល់៕