(វ៉ាស៊ីនតោន)៖ អភិបាលរដ្ឋផ្លូរីដា លោក Rick Scott នៅថ្ងៃសុក្រសប្តាហ៍នេះ បានអំពាវនាវឲ្យនាយកការិយល័យស៊ើបអង្កេតសហព័ន្ធ (FBI) គឺលោក Christopher Wray លាលែងពីតំណែងភ្លាមទៅ ព្រោះតែស្ថាប័នកំពូលខាងត្រួតពិនិត្យ ពាក់ព័ន្ធសន្តិសុខជាតិមួយនេះ មិនអាចតាមដានសកម្មភាពមួយឲ្យបានដិតដល់ ទើបបណ្តោយឲ្យការបាញ់ប្រហារ កាលពីថ្ងៃទី១៤ កុម្ភៈនោះកើតឡើងបាន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
លោក Rick Scott បានលើកឡើងយ៉ាងដូច្នេះថា «ការបរាជ័យរបស់ FBI ក្នុងការចេញប្រតិបត្តិការទប់ទល់នឹងឃាតករូបនោះ គឺជារឿងដែលមិនអាចទទួលយកបាននោះឡើយ។ ដូច្នេះនាយក FBI ត្រូវតែលាលែងពីតំណែង។ មនុស្សគ្មានកំហុសដល់ទៅ ១៧នាក់ត្រូវស្លាប់ ហើយបានត្រឹមការទទួលស្គាល់កំហុស គឺមិនអាចលុបលាងកំហុសឡើយ។ យើងមានតែព្យាយាមលួងលោមក្រុមគ្រួសារជនរងគ្រោះ ដែលកំពុងរងក្តីឈឺចាប់ប៉ុណ្ណោះ»។
គួរបញ្ជាក់ថា ការអំពាវនាវរបស់អភិបាលរដ្ឋផ្លូរីដា ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី FBI ចេញនូវសេចក្តីថ្លែងការណ៍មួយ ដោយទម្លាយព័ត៌មានសម្ងាត់ថា ទីភ្នាក់ងារអនុវត្តន៍ច្បាប់បានទទួលព័ត៌មានមួយ ពាក់ព័ន្ធនឹងឃាតកឈ្មោះ Nikolas Cruz អាយុ ១៩ឆ្នាំ តាំងតែពីខែមករា មកម្ល៉េះ ប៉ុន្តែខ្លួនបានធ្វេសប្រហែសជុំវិញរឿងនេះ ទើបបណ្តោយឲ្យជនបង្ក មានឱកាសក្នុងការបាញ់ប្រហារសម្លាប់មនុស្ស យ៉ាងរង្គាលបែបនេះ៕