(វ៉ាស៊ីនតោន)៖ ទង់ជាតិនៅលើសេតវិមានអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន ត្រូវបានបង្ហូតមកនៅត្រឹមពាក់កណ្តាលដង ដើម្បីជាការកាន់មរណៈទុក្ខ ចំពោះជនរងគ្រោះទាំង ១៧នាក់ ដែលត្រូវបានបាញ់សម្លាប់យ៉ាងសាហាវព្រៃផ្សៃបំផុត ក្នុងសាលារៀនមួយកន្លែង នៃរដ្ឋផ្លូរីដា ភាគអាគ្នេយ៍សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
បន្ទាប់ពីករណីបាញ់ប្រហារដ៏កកម្រោល ដែលកើតមានឡើងនៅថ្ងៃទី១៤ ខែកុម្ភៈនោះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចេញសេចក្តីថ្លែងការណ៍ដោយផ្ទាល់ ដោយចូលរួមមរណៈទុក្ខចំពោះក្រុមគ្រួសារជនរងគ្រោះ ហើយលោកក៏បានសន្យាថា នឹងមិនឲ្យហេតុការណ៍ដ៏អាក្រក់បែបនេះ កើតមានឡើងទៀតនោះឡើយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ គឺលោកមិនបានថ្លែងអំពីការរឹតបន្តឹង ឬក៏ចំណាត់ការជុំវិញការប្រើប្រាស់អាវុធបាញ់បោះដោយសេរី នៅក្នុងសហរដ្ឋអាមេរិកនោះឡើយ។
គួរបញ្ជាក់ថា មនុស្សយ៉ាងហោចណាស់ ១៧នាក់ ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារ ដ៏អាក្រក់មួយនៅឯវិទ្យាល័យមួយកន្លែងស្ថិតនៅទីក្រុង ផាកឡេនដ៍ (Parkland) នៃរដ្ឋផ្លូរីដា (Florida) ជាការសម្លាប់រង្គាលដ៏ធំបំផុតនៅដើមឆ្នាំ២០១៨ និងចំថ្ងៃទិវានៃសេចក្ដីស្រឡាញ់ Valentines Day។
ជនសង្ស័យត្រូវបានគេកំណត់អត្តសញ្ញាណមាន ឈ្មោះ Nikolaus Cruz អាយុ ១៩ឆ្នាំ និងជាអតីតសិស្សសាលាម្នាក់ត្រូវបានគេបណ្ដេញចេញ។ ប៉ូលិសអាមេរិកបានបន្ថែមទៀតថា ជនសង្ស័យរូបនេះ បានប្រើប្រាស់កាំភ្លើងវែងមួយដើម បាញ់ប្រហារនៅខាងក្រៅសាលារៀនដោយសម្លាប់មនុស្ស ០៣នាក់ ហើយបន្ទាប់មកទើប រូបគេចូលបាញ់សម្លាប់មនុស្ស ១២នាក់ នៅក្នុងសាលារៀន ខណៈមនុស្សរងរបួសធ្ងន់ ០២នាក់ទៀត បានស្លាប់ក្រោយបញ្ជូនទៅកាន់មន្ទីរពេទ្យ៕