BREAKING NEWS: គ្រោះរញ្ជួយដីដ៏កក្រើក ៧.៥រ៉ិចទ័រ វាយប្រហារភាគខាងត្បូងម៉ិចស៊ីកូ!
17-02-2018 09:20
(ម៉ិចស៊ីកូស៊ីធី)៖ គ្រោះរញ្ជួយផែនដីដ៏កក្រើកបំផុត កម្រិតរហូតដល់ ៧.៥រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសម៉ិចស៊ីកូ នៅល្ងាចថ្ងៃសុក្រ (ម៉ោងនៅអាមេរិកខាងជើង) ដែលនាំឲ្យអគារជាច្រើន នៅក្នុងរដ្ឋធានីម៉ិចស៊ីកូស៊ីធី ញ័ររញ្ជួយ និងមនុស្សម្នារាប់ពាន់រាប់ម៉ឺននាក់ចេញមកឈរតាមដងផ្លូវនានា ដើម្បីសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០១៨។
ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក USGS បានឲ្យដឹងថា គ្រោះរញ្ជួយដីកម្រិតធ្ងន់ខាងលើនេះ បានកើតមានឡើងនៅចំណុចមួយ ដែលស្ថិតនៅចម្ងាយ ៤គីឡូម៉ែត្រ ពីតំបន់ Pinotepa de Don Luiss នៃភាគខាងត្បូងប្រទេស ដែលមានជម្រៅញ័ររញ្ជួយប្រមាណជា ១០គីឡូម៉ែត្រពីក្នុងដី។
គួរបញ្ជាក់ថា នៅអំឡុងនៃគ្រោះរញ្ជួយដីនេះ កណ្តឹងប្រកាសអាសន្នត្រូវបានបន្លឺឡើង ពាសពេញរដ្ឋធានីម៉ិចស៊ីកូ ទើបបង្ខំឲ្យប្រជាជននៅតាមអគារតូចធំ ចេញមកឈរនៅទីវាល និងតាមដងផ្លូវ ដើម្បីសុវត្ថិភាព។ សម្រាប់ការខូចខាត ឬក៏ចំនួនមនុស្សរងគ្រោះនោះ គឺមិនទាន់មានការបញ្ជាក់នោះឡើយ៕