(តូក្យូ)៖ រដ្ឋាភិបាលទីក្រុងតូក្យូ បានរាយការណ៍ឲ្យដឹង ពីសកម្មភាពគួរឲ្យសង្ស័យថ្មីមួយរបស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងបំពានលើសេចក្តីសម្រេចដាក់ទណ្ឌកម្ម របស់ក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិ (UNSC) បន្ទាប់បានប្រទះឃើញការដោះដូរទំនិញ រវាងនាវាដឹកប្រេងមួយគ្រឿងរបស់ប្រទេស នៅតំបន់អាមេរិកកណ្តាល Belize និងកប៉ាល់មួយគ្រឿងទៀតរបស់ទីក្រុងព្យុងយ៉ាង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ក្រសួងការបរទេសជប៉ុន បានឲ្យដឹងថា យន្តហោះល្បាតយោធាមួយគ្រឿងរបស់ខ្លួន បានឃើញ និងតាមដានសកម្មភាពផ្ទេរទំនិញ រវាងនាវាទាំងពីរគ្រឿង នៅក្នុងតំបន់សមុទ្រចិនខាងកើត កាលពីថ្ងៃអង្គារសប្តាហ៍នេះ។ បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសជប៉ុន ក្រោយពីការវាយតម្លៃដោយគ្រប់ជ្រុងជ្រោយ រដ្ឋាភិបាលជប៉ុន មានការសង្ស័យជាខ្លាំងថា កប៉ាល់ទាំងពីរគ្រឿង បានធ្វើការផ្ទេរទំនិញរវាងនាវា និងនាវា ដែលត្រូវបានហាមឃាត់ដោយ សេចក្តីសម្រេចដាក់ទណ្ឌកម្មរបស់ UNSC។
ទីក្រុងតូក្យូ បានបន្ថែមថា ខ្លួនបានធ្វើរបាយការណ៍អំពីហេតុការណ៍នេះ ជូនទៅកាន់ក្រុមប្រឹក្សាសន្តិសុខហើយ និងបានចែករំលែកព័ត៌មានផ្សេងៗ ជាមួយប្រទេសទាំងឡាយដែលទាក់ទងផងដែរ។ ករណីនេះ គឺមានជាប់ពាក់ព័ន្ធនឹងនាវាដឹកប្រេងដដែលរបស់កូរ៉េខាងជើងឈ្មោះ Rye Song Gang 1 ដែលទីក្រុងតូក្យូ បានប្រទះឃើញរួមជាមួយ និងនាវាដឹកប្រេងមួយគ្រឿងផ្សេងទៀតរបស់ប្រទេសនៅតំបន់ការីបៀន Dominica កាលពីខែមករាកន្លងទៅ ដែលកាលនោះនាវាទាំងពីរគ្រឿង ត្រូវគេសង្ស័យថា បានប្រព្រឹត្តសកម្មភាពរំលោភលើទណ្ឌកម្មរបស់ UNSC ដូចគ្នា៕