អ្នកជំនាញ៖ ភ្លើងឆេះព្រៃនៅក្បែរទីក្រុងស៊ីដនី «អាចបន្តរហូតដល់ ១ខែ» ព្រោះតែបរិយាកាសក្តៅ-ស្ងួតខ្លាំង!
15-02-2018 09:37
(ស៊ីដនី)៖ ភ្លើងឆេះព្រៃនៅភាគខាងជើងទីក្រុងស៊ីដនី ដែលកំពុងតែរីកធំនោះ ត្រូវបានក្រុមជំនាញខាងពន្លត់អគ្គីភ័យអះអាងថា នឹងបន្តរហូតដល់រយៈពេលមួយខែឯណោះ ព្រោះតែពេលនេះវាឈានដល់ចំណុច ដែលគ្រប់លែងបានទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
ភ្លើងឆេះព្រៃដ៏ខ្លាំងក្លាខាងលើនេះ គឺបានលេបត្របាក់ផ្ទៃដី ៧,០០០ហិកតាទៅហើយ ស្ថិតនៅឧទ្យានធម្មជាតិ Putty និង Wollemi ហើយកត្តាធំៗដែលបង្កគ្រោះធម្មជាតិនេះឡើង គឺគ្រោះរាំងស្ងួត និងកម្តៅកើនឡើងក្នុងបរិយាកាស។ ផ្នែកព្យាករណ៍អាកាសធាតុបានបន្តទៀតភ្លើងឆេះព្រៃ នឹងកាន់តែអាក្រក់ខ្លាំងនៅថ្ងៃព្រហស្បតិ៍នេះ ដោយសារតែអាកាសធាតុក្តៅ និងខ្យល់ស្ងួតត្រូវបានគេព្យាករណ៍ថា នឹងគ្របដណ្តប់នៅថ្ងៃនេះ។
អ្នកគ្រប់គ្រងទីភ្នាក់ងារពន្លត់អគ្គីភ័យរដ្ឋ ញូសោតវែលស៍ លោក Ben Shepherd បានឲ្យដឹងថា «វាពិតជាភ្លើងឆេះព្រៃដ៏ធំមហិមា ហើយឥឡូវវាកំពុងរាលដាលទៅរកតំបន់ដាច់ស្រយាលផ្សេងទៀតហើយ។ ដោយសារតែគ្មានសញ្ញានៃភ្លៀងធ្លាក់បែបនេះ ភ្លើងឆេះព្រៃខាងលើ នឹងអាចបន្តរីករាលដាលក្នុងរយៈពេលមួយខែពេញតែម្តង»។
គួរបញ្ជាក់ថា ទោះបីជាមានការព្យាករណ៍ដ៏គួរឲ្យព្រួយបារម្ភបែបនេះក៏ដោយ ក៏ក្រុមពន្លត់ភ្លើងព្រៃនៅតែបន្តសកម្មភាពខ្លាំងក្លា ដើម្បីពន្លត់ និងពិនិត្យតំបន់ដែលងាយរកគ្រោះផ្សេងទៀត ដើម្បីទប់ស្កាត់ជាមុន។ បច្ចុប្បន្នយន្តហោះដឹកទឹកពីរទៅបីគ្រឿង កំពុងតែធ្វើសកម្មភាពពន្លត់ភ្លើងដែលកំពុងឆេះនៅ ០៥ទីតាំង ដាច់ដោយឡែកពីរគ្នា នៅរដ្ឋញូសោតវែលស៍៕