(អាហ្វ្រិកខាងត្បូង)៖ ប្រធានាធិបតីអាហ្វ្រិកខាងត្បូង លោក ហ្សាកូប ស៊ូម៉ា (Jacob Zuma) បានសម្រេចចិត្តលាលែងចេញពីមុខតំណែងហើយ បន្ទាប់ពីទទួលរងសម្ពាធយ៉ាងខ្លាំងពីគណបក្សរបស់លោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារ សារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៨។
នៅក្នុងសេចក្ដីថ្លែងការណ៍តាមកញ្ចក់ទូរទស្សន៍ កាលពីថ្ងៃពុធ (ម៉ោងនៅក្នុងតំបន់) លោក Jacob Zuma បានយល់ព្រមចុះចេញពីអំណាច ប៉ុន្តែលោកនិយាយថា លោកមិនយល់ស្របនោះទេ ចំពោះការសម្រេចចិត្ត នៃគណបក្ស ANC របស់លោក។ ដោយឡែកជុំវិញការលាលែងតំណែងនេះដែរ លោក Jacob Zuma ក៏ធ្លាប់ត្រូវបានគេរាយការណ៍ផងដែរថា បានយល់ព្រមទទួលយកគោលការណ៍ចុះចេញពីតំណែង ដោយលោកមានរយៈពេលពី ០៣ ទៅ ០៦ខែ ដើម្បីលាលែងតំណែងជាប្រធានាធិបតីអាហ្វ្រិកខាងត្បូង។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់លោក Zuma ធ្វើឡើងក្រោយ គណបក្សកាន់អំណាច African National Congress (ANC) បានស្នើសុំជាផ្លូវការឱ្យលោក Jacob Zuma លាលែងពីដំណែង បន្ទាប់ពីប្រជាប្រិយភាពគណបក្សមួយនេះ ធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារតែរឿងអាស្រូវពុករលួយរបស់ប្រធានាធិបតីរូបនេះ។
លោក Jacob Zuma មានអាយុ ៧៥ឆ្នាំ បានឡើងកាន់អំណាចជាប្រធានាធិបតីអាហ្រ្វិកខាងត្បូង ចាប់តាំងពីឆ្នាំ២០០៩ មកម្ល៉េះ។ តែនារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ លោកបានជាប់ផុងដកខ្លួនស្ទើរតែមិនរួចក្នុងរឿង អាស្រូវពុករលួយ បើទោះជាលោកបដិសេធជាច្រើនដងក៏ដោយ៕