(វ៉ាស៊ីនតោន)៖ ​យន្តហោះមួយគ្រឿង​​របស់ក្រុមហ៊ុន​អាកាសចរណ៍អាមេរិក United Airlines ដែលមានគោលដៅ​ចេញពី​ទីក្រុង​​សាន់​ហ្វ្រាន់​​ស៊ី​ស្កូ (San Francisco) រដ្ឋ​កាលីហ្វរញ៉ា ទៅកាន់ទីក្រុង​ហូណូលូលូ (Honolulu) បានធ្វើឲ្យអ្នកដំណើរ​ជាច្រើននាក់​នៅលើ​នោះ​​ មានការភ័យរន្ធត់​ជាខ្លាំង នៅពេលដែលម៉ាស៊ីនមួយចំ​ហៀង​របស់វា ចាប់ផ្តើមជ្រុះបន្តិចម្តងៗ មុនពេលចុះចត​កន្លះម៉ោង។ នេះបើ​តាម​ការដក​ស្រង់ការផ្សាយចេញ​ពីសារព័ត៌មានអង់គ្លេស Daily Mail (Mail Online) នៅល្ងាច​ថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។

​យន្តហោះដឹកអ្នកដំណើរខាង​លើរបស់ United Airlines មានជើងហោះហើរ​លេខ UA1175 នៅសល់ពេលរហូតដល់ ៣៦នាទី មុន​ត្រូវ​ចុះចត​នៅលើ​កោះ Oahu នៃរដ្ឋហាវ៉ៃ នៅពេលដែលសន្ទះ​នៃម៉ាស៊ីនផ្នែកខាងស្តាំ​របស់យន្តហោះ ចាប់​ផ្តើមជ្រុះ​ពីលើមេឃជា​បន្ត​បន្ទាប់។ ទោះបីជា​ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកដំណើរ​ជាច្រើននាក់នៅលើនោះ លោះព្រលឹងមួយ​សន្ទុះធំក៏ដោយ យន្តហោះ​ UA1175 បានធ្វើការចុះចត​ដោយសុវត្ថិភាព នៅព្រលាន​យន្តហោះក្នុងទីក្រុង Honolulu ហើយក្រុមពន្លត់អគ្គីភ័យ​ និងជួយសង្រ្គោះ ក៏បានរួសរាន់​ទៅកាន់កន្លែងយន្តហោះ​ចុះភ្លាមៗផងដែរ។

គួរជម្រាបថា ​ក្រោយពីចុះដល់ដី អ្នកដំណើរបានចាកចេញ​ពីយន្តហោះជាធម្មតា ដោយវាគឺជារឿង​សំណាងបំផុត ដែលបញ្ហានេះ​ ពុំបានបង្កជា​គ្រោះថ្នាក់ដ៏ធំ​មួយនោះ៕