(ម៉ានីល)៖ ហ្វីលីពីន និងចិនបាន​ព្រមព្រៀងគ្នា បង្កើតក្រុមការងារ​ពិសេសមួយ ដើម្បីរិះរកវិធី ដែលអាចឲ្យ​ប្រទេសទាំងពីររួមគ្នារុករក​ប្រេង ​និង​ឧស្ម័ន នៅតាមតំបន់​សមុទ្រចិន​ខាងត្បូង ដែលភាគី​ទាំងពីរ បានទាមទារ​សិទ្ធិកាន់កាប់ ដោយមិនឲ្យប៉ះពាល់​បញ្ហា​​ដែនអធិប​តេយ្យភាពនោះ​ឡើយ។ នេះបើតាម​ការចេញផ្សាយ​ដោយ សារព័ត៌មាន Channel New Asia នៅរសៀល​​ថ្ងៃ​ពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ​២០១៨។

ថ្លែងទៅកាន់ក្រុម​អ្នកសារព័ត៌មាន បន្ទាប់ពីក្រុមមន្រ្តី​ទូតនៃប្រទេស​ទាំងពីរ បានជួប​ពិភាក្សាគ្នា​​ជាលើកទីពីរ នៅក្រោមយន្តការ​​ទ្វេ​ភាគីមួយ ដែលមាន​គោលដៅ​បន្ធូរបន្ថយ​ភាពតានតឹង ក្នុងដែនសមុទ្រ​ដ៏យូរអង្វែងនេះ ឯកអគ្គរដ្ឋទូត​ហ្វីលីពីនប្រចាំ​ប្រទេសចិន លោក ជីតូ ស្ទេត រ៉ូម៉ាណា (Chito Stat. Romana) បានឲ្យដឹងថា វាគ្រាន់តែជា​កិច្ចចាប់ផ្តើម​ នៃនីតិវិធីមួយ​ប៉ុណ្ណោះ ប៉ុន្តែទន្ទឹម​នឹងនេះ ការសម្រេចចិត្ត​​ដើម្បី​បង្កើត​ក្រុម​ការងារ​ ស្តីពីកិច្ច​សហប្រតិបត្តិការ​ពាក់ព័ន្ធនឹង​បញ្ហាថាមពល ក៏ជាការអភិវឌ្ឍ​ដ៏សំខាន់មួយ​ផងដែរ។

ការបង្កើតកិច្ចព្រមព្រៀង​​សម្រាប់គម្រោង​រួមមួយ នឹងអាចជាបញ្ហា​ដ៏ស្មុគស្មាញ ដោយសារតែ​​ប្រទេស​ទាំងពីរ ការទាមទារ​សិទ្ធិ​កាន់​កាប់​រៀងៗខ្លួន លើទីតាំងដែល​ស្តុកទុកនូវធនធាន​ប្រេង និងឧស្ម័ន ដូច្នេះហើយ​ការចែករំលែក​​ពួកវា អាច​ត្រូវចាត់​ទុកថា ​ជាការ​ផ្តល់​សិទ្ធិទទួលស្គាល់​ពេញច្បាប់ ចំពោះការទាមទារ​សិទ្ធិរបស់​ភាគីម្ខាង ឬក៏ជាការបោះបង់ ដែន​អធិបតេយ្យភាព​របស់ខ្លួន​ឯង​ខ្លះ​ចោល។

គួរជម្រាបថា ចិនបានទាមទារ​សិទ្ធិកាន់កាប់ស្ទើរ​តែទាំងស្រុង នៅតំបន់​សមុទ្រចិន​ខាងត្បូង ជាទីដែលការ​ធ្វើពាណិជ្ជកម្ម​តាម​កប៉ាល់ មានតម្លៃ​សរុបប្រមាណ ០៣ពាន់​លានដុល្លារ ក្នុង​មួយឆ្នាំៗ ហើយបានបន្ត​ប្រជែងយកសិទ្ធិ​គ្រប់គ្រង នៅតាមផ្នែកផ្សេងៗ​​នៃតំបន់ផ្លូវទឹក​ដ៏សំខាន់​នេះ ជាមួយ​ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ វៀតណាម និងហ្វីលីពីន៕