(វ៉ាស៊ីនតោន)៖ ការអនុវត្តពាណិជ្ជកម្មគាំពារនិយមរបស់សហរដ្ឋអាមេរិក អាចនឹងបំផ្លាញដល់សេដ្ឋកិច្ចរបស់ខ្លួនឯង រួមទាំងសេដ្ឋកិច្ចសកលលោកទាំងមូល។ នេះបើតាមអ្នកជំនាញអាមេរិកស្ដីពីចិន ដកស្រង់ដោយ ទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយស៊ីនហួរ លោក ចន ថាយឡឺ (Jon R. Taylor) ជាសាស្ត្រាចារ្យមកពីសាកលវិទ្យាល័យ ថូម៉ាស់ (St. Thomas) មានមូលដ្ឋាននៅក្នុងទីក្រុង ហួស្តុន (Houston) រដ្ឋតិចសាស់ បានសម្ដែងក្ដីព្រួយបារម្ភ ពាក់ព័ន្ធការអនុវត្តគំនិត គាំពារនិយមរបស់ទីក្រុងវ៉ាស៊ីនតោន។ លោក Taylor បានលើកឡើងយ៉ាងដូច្នេះថា «បើសិនជាអ្នកដាក់កាតព្វកិច្ចពន្ធនាំចូលលើអ្វីមួយ នោះអ្នកមិនមែនបំផ្លាញត្រឹមតែសេដ្ឋកិច្ចខ្លួនឯងប៉ុណ្ណោះទេ ក៏ប៉ុន្តែអ្នកក៏នឹងបំផ្លាញផងដែរ ដល់សេដ្ឋកិច្ចសកលលោកទាំងមូល»។
គួរបញ្ជាក់ថា លោក Jon R. Taylor ថ្លែងបែបនេះ បន្ទាប់ពីក្រសួងពាណិជ្ជកម្មអាមេរិក កាលពីថ្ងៃអង្គារ បានប្រកាសថា ខ្លួននឹងបើកការស៊ើបអង្កេតមួយ លើផលិតផលមកពីប្រទេសកាណាដា ចិន ក្រិក ឥណ្ឌា កូរ៉េខាងត្បូង និងតួកគី តាមការស្នើសុំពីក្រុមហ៊ុនអាមេរិកជាច្រើន។ ការស៊ើបអង្កេតនេះទៀតសោត កើតមានឡើង ខណៈលោកប្រធានាធិបតី លោក ដូណាល់ ត្រាំ បានត្អូញត្អែរពីឱនភាពពាណិជ្ជកម្ម ជាមួយបណ្ដាប្រទេសជាដៃគូមួយចំនួនធំ៕