(វ៉ាស៊ីនតោន)៖ ជីវិតប្រហែលជាត្រូវបាននាំយកមកដល់លើផែនដី ដោយអាចម៍ផ្កាយ មកពីប្រព័ន្ធផ្កាយដទៃទៀត។ នេះបើតាមការសិក្សាថ្មីមួយ ដោយក្រុមអ្នកវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យ Harvard របស់សហរដ្ឋអាមេរិក ដកស្រង់ដោយសារព័ត៌មានអង់គ្លេស Independent នៅរសៀលថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
ការស្រាវជ្រាវត្រូវបានជំរុញដោយការមកដល់ នៃអាចម៍ផ្កាយឆ្លងប្រព័ន្ធផ្កាយមួយ ដែលគេដាក់ឈ្មោះឲ្យថា Oumuamua ដែលបានហោះចូលមកក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង កាលពីខែតុលា ឆ្នាំ២០១៧ ហើយបានបំផុសចំណាប់អារម្មណ៍ខ្លាំង នៅក្នុងសហគមន៍នៃតារាវិទូ។
ជុំវិញរឿងនេះ អ្នកវិទ្យាសាស្រ្តមួយក្រុម បានលើកឡើងថា អាចម៍ផ្កាយនេះអាចមានផ្ទុកសញ្ញានៃជីវិតអេលៀន។ ប៉ុន្តែខណៈដែលការខិតខំប្រឹងប្រែងស្គែនទៅលើផ្ទៃរបស់ដុំថ្មអវកាសនេះ មិនបានទទួលជោគជ័យ ការសិក្សាស្រាវជ្រាវថ្មីខាងលើ បានលើកឡើងបែបដូច្នេះវិញថា ប្រភេទថ្មដូច Oumuamua នេះ អាចជាទម្រង់យានអវកាសរបស់អេលៀន។
ទ្រឹស្តី «Panspermia» ដែលថាជីវិតមានប្រភពពីកន្លែងផ្សេង មិនមែនផែនដីនោះ បានកើតមានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយអ្នកវិទ្យាសាស្រ្ត បានផ្តល់ជាយន្តការខុសៗគ្នា សម្រាប់ការសាបព្រួសគ្រាប់ពូជនៃជីវិត ឆ្លងប្រព័ន្ធផ្កាយក្នុងអំឡុងពេលជាច្រើនឆ្នាំកន្លងទៅនេះ។
ដោយការមកដល់របស់អាចម៍ Oumuamua តារាវិទូ Manasvi Lingam និង Abraham Loeb បានមើលឃើញឱកាសមួយ ដើម្បីពិនិត្យមើលទ្រិស្តីខាងលើឲ្យកាន់តែលម្អិតថែមទៀត។ លោកសាស្រ្តាចារ្យ Loeb បាននិយាយថា បើតាមគោលការណ៍ធម្មជាតិ ជីវិតអាចត្រូវផ្ទេររវាងភព និងភព តាមរយៈដុំថ្មបាន តួយ៉ាងពួកយើងដឹងថា កម្ទេចថ្មពីភពអង្គារ (Mars) អាចមកដល់ផែនដី ហើយថ្មីពីផែនដីអាចទៅដល់ភពអង្គារ។
លោក Loeb បានគូសបញ្ជាក់ថា ពពួកមីក្រូសរីរាង្គដូចជា Tardigrande មានអាចមានជីវិតរស់នៅក្នុងបរិស្ថានដ៏លំបាក នៃទីអវកាសបានឲ្យឥតបញ្ហាឡើយ ហើយម៉្យាងវិញទៀត គ្រាប់ពូជនៃសារធាតុគីមីចាំបាច់ សម្រាប់ការកកើតជីវិត ក៏អាចនាំយកមកផែនដីតាមរយៈដុំថ្ម ពីប្រព័ន្ធផ្កាយឆ្ងាយៗដទៃទៀតផងដែរ។
អាចម៍ផ្កាយ និងកម្ទេចកម្ទីរអវកាសផ្សេងទៀត អាចជ្រៀតចូលមកក្នុងប្រព័ន្ធផ្កាយរបស់យើង ដូចទៅនឹងអាចម៍ផ្កាយ Oumuamua ដែរ ហើយនៅជាប់ក្នុងទីនេះ ដោយសារតែកម្លាំងទំនាញរបស់ព្រះអាទិត្យ និងភពព្រហស្បតិ៍ (Jupiter) ហើយលោក Loeb បានលើកឡើងថា វត្ថុអវកាសទាំងអស់នោះ ប្រសិនបើពួកវាមកពីភពដទៃទៀតដែលមានជីវិត អាចផ្ទេរជីវិតទាំងនោះ មកក្នុងប្រព័ន្ធព្រះអាទិត្យ ឧទាហរណ៍ តាមរយៈការទង្គិចជាមួយភព ដូចជាផែនដីជាដើម។
គួរជម្រាបថា បើតាមការពិសោធន៍ ក្រុមការងារនៃការសិក្សាខាងលើ បានរកឃើញវត្ថុក្រៅមកពីប្រព័ន្ធព្រះអាទិត្យចំនួន ៤០០ ដែលមានមុខកាត់ប្រហែល ១០០ម៉ែត្រ និង ១០ទៀតដែលមានមុខកាត់ប្រមាណ ០១គីឡូម៉ែត្រ ដែលអាចបុកជាមួយផែនដី នៅមុនការកកើតឡើងនៃជីវិតកាលពី ៣.៨ពាន់លានឆ្នាំមុន៕