ព្រះស្វាមីនៃម្ចាស់ក្សត្រីដាណឺម៉ាក សោយទិវង្គតក្នុងជន្មាយុ ៨៣វស្សា ក្រោយមន្ទីរពេទ្យបញ្ជូនទ្រង់មករាជ្យវាំងវិញ ដោយអស់សង្ឃឹមព្យាបាល...
14-02-2018 13:12
(ដាណឺម៉ាក)៖ ព្រះរាជវាំងដាណឺម៉ាក នៅថ្ងៃពុធនេះបានឱ្យដឹងថា ព្រះស្វាមីរបស់ម្ចាស់ក្រត្រី ម៉ាហ្គារែត (Margrethe) ទី២ គឺព្រះអង្គម្ចាស់ ហែនរីក (Henrik) បានសោយទិវង្គតហើយកាលពីយប់ថ្ងៃអង្គារ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨។
យោងតាមព្រះរាជវាំងដាណឺម៉ាក ព្រះអង្គម្ចាស់ Henrik បានចូលទិវង្គតនៅម៉ោង ២៣៖១៨នាទីយប់ (ម៉ោងនៅក្នុង តំបន់) ក្នុងព្រះជន្ម ៨៣ព្រះវស្សា នៅអំឡុងពេលកំពុងផ្ទុំនៅឯវាំង ហ្វ្រេឌែនស្បក (Fredensborg)។ ព្រះរាជវាំងបានបន្ថែមថា ព្រះអង្គម្ចាស់ Henrik បានគង់ព្យាបាលព្រះរោគនៅមន្ទីរពេទ្យ តាំងតែពីខែមករាមកម្ល៉េះ ដើម្បីព្យាបាលជំងឺសួត ហើយទ្រង់ត្រូវបានក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមកសម្រាក និងចំណាយពេលរបស់ទ្រង់ជាលើកចុងក្រោយ ក្នុងព្រះរាជវាំង។
គួរបញ្ជាក់ថា ព្រះអង្គម្ចាស់ Henrik បានប្រសូតនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ១៩៣៤ ក្នុងទីក្រុង ប័កដូរ (Bordeaux) ប្រទេសបារំាង ។ ទ្រង់បានរៀបអភិសេកជាមួយម្ចាស់ក្សត្រី Margrethe នៅឆ្នាំ១៩៦៧ ព្រមទាំងមានបុត្រាពីរអង្គឈ្មោះ ហ្វ្រែឌែរីក និងចៅឈីម (Frederik និង Joachim) និងព្រះនត្តា ០៨អង្គ ផងដែរ៕